ភ្នំពេញ៖ អង្គការម៉ារីស្តូប បានបញ្ជ្រាបចំណេះដឹងដល់ស្រ្តី តាមរយៈកម្មវិធីទិ​វា​«សិទ្ធិក្នុង​ការ​ជ្រើសរើស» ដើម្បីអបអរ និងលើកកម្ពស់ស្រ្តីក្នុងការទទួលបានព័ត៌មាន និងធ្វើការសម្រេចចិត្តលើសិទ្ធិក្នុងការបន្តពូជ កាលពីរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ នៅអង្គការមិត្តសម្លាញ់ ភ្នំពេញ។

នេះជាឆ្នាំទី២ហើយ ដែលអង្គការម៉ារីស្តូប(Marie Stopes) បង្កើតកម្មវិធីនេះ គោលបំ​ណង​ដើម្បីលើកកម្ពស់ស្រ្តី ក្នុងការគ្រប់គ្រងជីវិត និងអនុវត្តសិទ្ធិក្នុងការទទួល​បានព័ត៌​មាន អំពីជម្រើសសុខភាពបន្តពូជ និងសេវាកម្ម ដែលមានសុវត្ថិភាពខ្ពស់ រួមទាំងការ​លូតកូនដោយសុវត្ថិភាពផងដែរ។

អ្នកស្រី Amy Williamson នាយកប្រចាំប្រទេសរបស់អង្គការម៉ារីស្តុប បានលើក​ឡើង​ថា បើទោះជាស្រ្តីជាច្រើននៅខ្វះខាតព័ត៌មាន និងការទទួលបានសេវាកម្មរំលូត​កូន​ដោយ​សុវត្ថិភាព នៅប្រទេសកម្ពុជាក៏ដោយ អង្គការម៉ារីស្តូប កំពុងខិតខំប្រឹងប្រែង​បំបាត់​គម្លាតនេះ ដើម្បីធានាបានថា គ្រប់ស្រ្តីទាំងអស់ មានជម្រើសក្នុងការរំលូតកូន​ប្រសិនបើពួកគាត់ចង់ ដោយមិនផ្តល់ហានីភ័យដល់សុខភាពនោះឡើយ។

កញ្ញា Cath ជានារីឆ្នើមមួយរូប ដ៏ល្បីនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលតែងតែ​និយាយពាក់​ព័ន្ធនឹងសុខភាពបន្តពូជ បានលើកឡើងថា ការនិយាយបើកចំហរអំពីសុខភាពបន្តពូជ គឺជារឿងសំខាន់។

«ខ្ញុំគិតថា វាសំខាន់ណាស់ ដែលយើងគួរតែនាំគ្នានិយាយអំពី​សុខភាពបន្តពូជដោយ​បើកចំហរ។ នៅពេលដែលយើងនិយាយរឿងទាំងអស់នេះ ជាពិសេសយុវវ័យ គាត់ដឹងថា តើគួរធ្វើដូចម្តេច ដើម្បីការពារខ្លួន បើសិនជាមានរឿងអ្វីកើតឡើង តើពួកគាត់អាចទៅរកជំនួយនៅកន្លែងណាខ្លួះ?»

ស្រ្តីទាំងឡាយ ដែលមានបំណងចង់ទទួលបានដំបូន្មានល្អៗ​អំពីមធ្យោបាយពន្យា​កំ​ណើត ឬជម្រើសសផ្សេងៗទាក់ទងនឹងការមានផ្ទៃពោះដោយចៃដន្យ ឬឥតព្រាងទុក អាចទំនាក់ទំនងទៅកាន់អង្គការម៉ារីស្តូបតាមរយៈលេខទូរស័ព្ទ៖ ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២៕