ភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ បង្ការកុំអោយបន្តមានអ្នកស្លាប់ និងជួយបង្កើនប្រាក់ចំណូលពន្ធរដ្ឋ និងដើម្បី​​សុខភាពប្រជាពលរដ្ឋគ្រប់រូប។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋលើសពី២លាននាក់ កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមានអ្នកជក់បារីជាង ១.៥លាននាក់ និងអ្នកចុកថ្នាំជក់ជិត ០.៥លាននាក់។ រីឯការប្រើប្រាស់ក្នុងចំណោមយុវជន ក៏កំពុងមានការកើនឡើង។

លោក វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក បានថ្លែង​​ក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា ការដំឡើង​ពន្ធថ្នាំជក់អោយខ្ពស់ ជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែមិនចំណាយច្រើនទេ ដែលវិធានការនេះ ត្រូវបានផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក ថាជាវិធានការឈ្នះឈ្នះ ព្រោះវាមិនតម្រូវអោយរាជរដ្ឋាភិបាលចំណាយអ្វីទាំងអស់ ផ្ទុយទៅវិញ វាបានផ្តល់​​ប្រាក់ចំណូលពន្ធ សម្រាប់ទ្រទ្រង់ការថែរក្សាសុខភាពពលរដ្ឋគ្រប់រូប ព្រមទាំងកាត់​បន្ថយការជក់បារី និងបង្ការកុំអោយមានជំងឺ និងស្លាប់ ដែលបង្កដោយថ្នាំជក់៕