អ្នកអង្គុយធ្វើការងារតែក្នុងការិយាល័យហើយមិនបានបញ្ចេញពលកម្ម និងអ្នកមិនបានធ្វើលំហាត់ប្រាណ គឺជាអ្នកដែលប្រឈមខ្ពស់ទៅនឹងបញ្ហាសុខភាព ដូចជាជំងឺគាំងបេះដូង ជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ និងជំងឺមហារីកជាច្រើនទៀត។

អង្គការសុខភាពពិភពលោក WHO កំពុងព្រមានមនុស្ស១ភាគ៤នៅក្នុងពិភលោក ឬស្មើរចំនួន១.៤ពាន់លាននាក់ បន្ទាប់ពីវាយតម្លៃថា ពួកគេទាំងនេះមិនដែលធ្វើពលកម្មឬធ្វើលំហាត់ប្រាណឡើយ។

អ្នកជំនាញស្រាវជ្រាវមកពីអង្គការសុខភាពពិភពលោកអះអាងថា ក្រុមប្រទេសដែលមានប្រាក់ចំណូលខ្ពស់ដូចជានៅសហរដ្ឋអាមេរិក និងអង់គ្លេសជាដើម គឺមានពលរដ្ឋដែលមិនបានធ្វើពលកម្មឬហាត់ប្រាណ បានកើនពី៣២%ក្នុងឆ្នាំ២០០១ ឡើងដល់៣៧%ក្នុងឆ្នាំ២០១៦ រីឯប្រទេសមានប្រាក់ចំណូលទាប ដែលប្រជាជនមិនសូវបញ្ចេញសកម្មភាព គឺមានតួលេខដដែលចំនួន១៦%។ អ្នកជំនាញព្រមានថា តួលេខនេះ នឹងធ្វើអង្គការសុខភាពពិភលោកមិនអាចសម្រេចផែនការក្នុងការកាត់បន្ថយមនុស្សអសកម្មឬមិនធ្វើពលកម្ម ឱ្យមកនៅសល់១០% នៅក្នុងឆ្នាំ២០២៥ឡើយ។

អង្គការសុខភាពពិភលោកបានណែនាំឱ្យមនុស្សគ្រប់គ្នា គួរធ្វើលំហាត់បាណឱ្យបានជាប្រចាំ តាមរយៈការដើរ ការជិះក្ដារលើទឹក ការលេងបាល់ទះ និងបាល់បោះឱ្យបាន១៥០នាទី និងការធ្វើលំហាត់ប្រាណផ្សេងទៀត ដូចជា ការរត់ ហែលទឹក និងការលេងបាល់ទាត់ជាដើមឱ្យបាន៧៥នាទី ក្នុងមួយសប្ដាហ៍៕

ប្រភព៖ BBC