ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រមូល​ចំណូលពី​ពន្ធ-អាករ​គ្រប់​ប្រភេទ បានចំនួន ២០៥៥លានដុល្លារ គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០១៨ ពោលគឺកើនឡើង ១៣២លាន​ដុល្លារ​ បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ស្មើនឹង​ជាង ១០៦ភាគរយ ​នៃ​ផែនការ​កំណត់ដោយ​ច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធប្រចាំខែ​វិច្ឆិការ ឆ្នាំ២០១៨ នាពេលថ្មីៗនេះ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ ​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូលបាន (តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល Online មាន​ប្រមាណ១៨៧លាន​ដុល្លារ​អាមេរិកស្មើនឹង៩,៧៥%​នៃ​ផែនការ​ច្បាប់ បើ​ប្រៀបធៀប​ទៅនឹង​ចំណូល​ខែវិច្ឆិកា​ឆ្នាំមុន ការប្រមូល​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​​តាមអន​ឡាញ Online ដូចគ្នា​ឃើញ​ថាការប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទក្នុង​ខែវិច្ឆិកាឆ្នាំ២០១៨នេះ កើនឡើង​ប្រមាណ​ជាង ៤៣លាន​ដុល្លារ​អាមេរិក ស្មើនឹង៣០,៤៧%។

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផលនេះ លោក គង់ វិបុល​ បាន​សង្កត់ធ្ងន់ថា អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​នឹង​បន្ត​អនុវត្ត​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កំណែទម្រង់សំខាន់ៗក្នុងការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ការលើកកម្ពស់​ និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារ និង​ការ​ជម្រុញ​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ​ទាំងអស់ ឲ្យពង្រឹង​បន្ថែម​លើ​ការតាមដាន​ការដាក់​លិខិត​ប្រកាស​របស់​អ្នក​ជាប់ពន្ធ៕