អគ្គនាយកដ្ឋានកាំកុងត្រូល បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានបញ្ហាឬចម្ងល់ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ គឺអាចមកទាក់ទងមន្រ្តីកាំកុងត្រូលផ្ទាល់ ដែលបានដាក់ប្រចាំការនៅតាមបណ្ដាផ្សារក្នុងគោលដៅចំនួន៩ ក្នុងរាជធានីភ្នំពេញ។

អគ្គនាយដ្ឋានកាំកុងត្រូលបញ្ជាក់នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ថា ចាប់ពីពេលនេះតទៅ នៅតាមផ្សារធំៗក្នុងរាជធានីភ្នំពេញ គឺមានមន្រ្តីជំនាញរបស់កាំកុងត្រូលប្រចាំការជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំផ្ដល់សេវាត្រួតពិនិត្យ ចំណីអាហារខូចគុណភាព ហួសរយៈពេលប្រើប្រាស់ ទំនិញក្លែងបន្លំ ឬទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ជាដើម។ បន្ថែមពីនេះ ប្រជាពលរដ្ឋទាំងអស់ នឹងអាចនាំយកគំរូចំណីអាហារឱ្យមន្រ្តីកាំកុងត្រូលប្រចាំការតាមផ្សារ ជួយពិនិត្យរកសារធាតុគីមីបាន។

អគ្គនាយកដ្ឋានកាំកុងត្រូលអះអាងដែរថា នៅពេលខាងមុខនេះ ខ្លួននឹងបន្តដាក់ពង្រាយមន្រ្តីឱ្យប្រចាំការនៅតាមផ្សារដទៃទៀត ឱ្យបានតាមបណ្ដាខេត្តនៅទូទាំងប្រទេស៕