អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជុំវិញការលើក​ឡើង​របស់​លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល​បានរិះគន់អំពីកាំកុងត្រូល ថាហាក់គ្មានវិធានការឱ្យបានម៉ឺងមាត់ ក្នុងការគ្រប់គ្រង​ស្ថានីយ៍លក់ប្រេងឥន្ធនៈមួយចំនួន ដែលបានលួចលក់​ប្រេងមិនគ្រប់អស់​រាប់ឆ្នាំ​ទៅដល់ប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋានកាំកុងត្រូល បញ្ជាក់វិញនៅថ្ងៃទី ១៥ វិច្ឆិកា ថា តួនាទីរបស់កាំកុងត្រូល គឺតែងបំពេញក្នុងកិច្ចការពារអ្នកប្រើប្រាស់ និងផលប្រយោជន៍ជាតិជាធំ។ កាំកុង​ត្រូលអះ​អាងបន្តថា ចំពោះស្ថានីយ៍ប្រេងឥន្ធនៈដែលបានរកឃើញលើកទី១ អំពីការលួចកម្រិតលំអៀងបរិមាណប្រេងលក់ចេញ និងកម្រិតគុណភាពអុកតាន គឺតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវ និងត្រូវផ្សព្វផ្សាយឈ្មោះស្ថានីយ៍​ទាំងនោះជា​សាធារណៈ ប៉ុន្តែប្រសិននៅតែមិនកែប្រែ គឺលើកទី២ ស្ថានីយ៍ទាំងនោះ នឹងត្រូវផ្អាកអាជ្ញាប័ណ្ណអាជីវកម្មបណ្ដោះអាសន្ន ហើយត្រូវកសាងសំណុំរឿងបញ្ជូន​ទៅតុលាការដោយមិនឱ្យដឹងខ្លួនជាមុនឡើយ។

ហាក់ជាការបញ្ជាក់បន្ថែមទៅលោក ណៅ ធួក ឱ្យកាន់តែច្បាស់ ខាងកាំកុងត្រូល​អះអាង​ទៀតថា ខ្លួនទើបកំណត់វិធានការតឹងរឹងចុងក្រោយ គឺនៅពេលចុះត្រួត​ពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈ នឹងមានព្រះរាជអាជ្ញាដឹកនាំតែម្ដង ដើម្បីងាយស្រួលក្នុងការ​ចាត់វិធានការភ្លាមៗតាមផ្លូវច្បាប់។ លើសពីនេះការដាក់បន្ទុកតាមផ្លូវតុលាការ គឺទាមទារកសាងកំណត់ហេតុច្បាស់លាស់ និងមានភស្ដុតាងគ្រប់គ្រាន់ ដោយផ្អែកលើ​លទ្ធផលបច្ចេកទេសមន្ទីរពិសោធន៍ទាំងអស់ ដើម្បីឱ្យសុក្រឹតនិងមាន​ភាពយុត្តិធម៌​ទាំងអ្នកប្រើនិងអ្នកលក់។

កាលពីថ្ងៃទី១១ វិច្ឆិកា លោក ណៅ ធួក មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេររិះគន់យ៉ាងកម្រនៅលើទំព័រហ្វេកប៊ុករបស់លោក ដោយបង្ហាញភាពមិនពេញបន្ទាប់ពីឃើញការផ្សព្វអំពីកាំកុងត្រូល ដែលបានរកឃើញស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនបំបាត់បរិមាណប្រេងពី៣ទៅ១០% ក្នុងការលក់ទៅឱ្យពលរដ្ឋ ប៉ុន្តែបានត្រឹមតែឱ្យស្ថានីយ៍ទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់ ហើយបែរជាគ្មានការផ្ដន្ទាទោសទាល់តែសោះ។ លោក ណៅ ធួក ឆ្ងល់ថា ចោរលួចប្រេងរាប់ម៉ឺនលីត្រអស់រាប់ឆ្នាំដែលមានតម្លៃរាប់សែនដុល្លារសហរដ្ឋអាមេរិក បែរជាគ្មានទោស ប៉ុន្តែចោរលួចម៉ូតូកង់ ដែលមានតម្លៃបន្តិចបន្តួច បែរជាជាប់គុកទៅវិញ?៕