មជ្ឈមណ្ឌលភាសាបរទេស​តាគិន សម្ពោធ​ ដាក់ឲ្យ​ប្រើ​ប្រាស់​​ថ្នាក់រៀន​១ខ្នង​បន្ថែមទៀត នៅថ្ងសទី ៩ ខែកក្កដា ឆ្នាំ ២០១៩ ​បន្ទាប់ពីមជ្ឈមណ្ឌលនេះដំណើរការ​បាន​៤​ ឆ្នាំ។ អគារសិក្សាថ្មីនេះ កសាងឡើងដោយស្នាដៃផ្ទាល់នៃក្រុមយុវជនស្ម័គ្រចិនមកពីហុងកុង។

ក្រោយពីដំណើរការ​អស់​រយៈពេល​ជិត៤ឆ្នាំ មជ្ឈមណ្ឌលភាសាបរទេសតាគិន បានពង្រីកថ្នាក់រៀន​មួយ​ខ្នង​បន្ថែម​ទៀត​​​ ​ក្រោម​ការឧបត្ថម្ភរបស់អង្គការ IDEA ដែលមាន​ទីតាំងនៅទីក្រុង ហុងកុង តាមរយៈការជួយ​ប្រឹង​ប្រែង​របស់​​អង្គការ iHerb និងអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា​(CCAFO)។

បន្ទប់សិស្សមួយ​ខ្នងថ្មី អាចឲ្យសិស្សរៀនបាន​ចំនួន ៣៥នាក់ ក្នុងមួយ​ម៉ោងៗ ដែលម៉ោងសិស្សាមានពីម៉ោង ១១-១២ថ្ងៃត្រង់ ម៉ោង ៥-៥ និង ម៉ោង ៦-៧ យប់។ មជ្ឍមណ្ឌលនេះ​អាច​ដំណើរការទៅបាន​ ដោយមាន​ការទ្រទ្រង់ថវិការ អង្គការ iHerb តាមរយៈអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា​(CCAFO) និងបងប្អូនមិត្ភភក្តិដែលស្រលាញ់កិច្ចការសង្គម។

មជ្ឈមណ្ឌលភាសាបរទេសតាគិន ស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយ​រៀង ​ផ្តល់នូវការបង្រៀនភាសា​អង់គ្លេសគ្រប់កំរិត កុំព្យូទ័រ អ៊ីនធឺណែត និងគំនូរ​​ ​ដល់កុមារតូចៗ​និងយុវវ័យ​នៅក្នុងខេត្តស្វាយរៀងដោយមិនគិតកម្រៃ។ មជ្ឈមណ្ឌលនេះ​បង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ ដោយ​លោក​ម៉ៃ ទិត្យថារ៉ា អ្នកសារព័ត៌​មាន​ស៊ើប​អង្កេត​ល្បី​ឈ្មោះ​ម្នាក់ ដែល​បច្ចុប្បន្នជា​និពន្ធនាយកកាសែត​ខ្មែរថាមស៍​។

លោក ថារ៉ា បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌលរបស់​លោក ដែលបច្ចុប្បន្នមាន​សិស្ស​សិក្សារជាង​២០០នាក់កំពុងសិក្សា​រ​​​​ហើយ​ គោលបំណងដែល​លោក​ផ្ដល់នូវការបង្រៀនភាសា​អង់គ្លេសគ្រប់កំរិត កុំព្យូទ័រ អ៊ីនធឺណែត និងគំនូរ​ ដល់​កុមារ​តូចៗនិងយុវវ័យនៅក្នុងខេត្តស្វាយរៀងដោយមិនគិតកម្រៃនោះគឺ លោកចូលរួមចំណែក​អភិវឌ្ឍជា​មួយ​រាជ​រដ្ឋា​ភិបាល​​ក្នុងការកាត់បន្ថយការជួញដូរពលកម្មកុមារនិង អនីតិជន​នៅតាម​បណ្ដោយព្រំដែន ពិសេស​ទៅ​កាន់ប្រទេសជិតខាង។ ជា​ពិសេសលោក​ចង់​ ​ពង្រឹងវិស័យ​អប់រំក្រៅ​ប្រព័ន្ធ​នៅកម្ពុជា ​ដល់​កុមារនិងយុវជនក្រីក្រ​ដែល​ជាក្រុមជនងាយរងគ្រោះក្នុងការជួញ​ដូរ​ពលកម្ម​នៅ​ក្នុងខេត្ត​ស្វាយ​រៀង។

លោកថារ៉ាបានថ្លែងថា ៖«អ្វីដែលខ្ញុំ​ចង់ឃើញ​គឺកុមារ និងយុវជនទាំងអស់មានឳកាសចូលសាលារៀន។ ខ្ញុំ​មិនចង់ឃើញពួក​គាត់ដើរលក់សន្លឹកឆ្នោតនៅប្រទេសជិតខាង ហើយរងនូវការធ្វើ​បាបនោះ​ទេ។ ខ្ញុំ​វិយោ​គ​លើ​ខួរ​ក្បាល​គឺមិនងាយទទួលបានផលនោះទេ ប៉ុន្តែ​ យើងនឹងឃើញស្នាមញញឹមរបស់ពួកគាត់នៅ​ពេល​ក្រោយ​»។

លោកថារ៉ាបានថ្លែងទៀតថា​ សិស្សដែលមកសិស្សានៅមជ្ឈមណ្ឌលនេះគឺមកពីគ្រួសារក្រីក្រ នៅក្នុងខេត្តស្វាយ​រៀង ដែលមាន​អ្នកខ្លះធ្វើ​ដំណើររាប់គីឡូដើម្បីមកសិស្សាមួយ​ម៉ោង។

 ​គួរបញ្ជាក់ផងដែរថា បើ​យោងតាម​សុន្ទរកថា​របស់លោក​ ហង់ ជួនណារ៉ុនរដ្ឋមន្ត្រី​ក្រសួង​អប់រំ  ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និបាត​ប្រចាំ​របស់​ក្រសួង​អប់រំ​កាលពី​ពេល​ថ្មីៗ​នេះ​  បាន​ឲ្យ​ដឹង​ថា​ តាម​លទ្ធផល​ដែល​សម្រេច​បាន​ពី​ឆ្នាំ​២០១៦​ ​និង​ ២០១៧​ កម្ពុជា​មាន​សាលា​មត្តេយ្យ​សិក្សា​ និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណៈ​ និង​ឯកជន​សរុប​ចំនួន​១៤១៨៩​ ​រួម​មាន​សាលា​មត្តេយ្យចំនួន​៤៦៣២ ​សាលា​បឋមសិក្សា​មាន​ចំនួន​៧៦២១​ អនុ​វិទ្យាល័យ​១៣០៣ ​និង​វិទ្យាល័យ​៦៣៣។ ​ជាមួយ​នេះ​ មត្តេយ្យ​សិក្សា​សហគមន៍​មាន​ចំនួន​២៩៥៥​កន្លែង ​កុមារ​ចូល​រៀន​ចំនួន​៦៧៣៩៣ ​ក្នុង​នោះ​មាន​កុមារី​ ៥១,៣៣​ភាគ​រយ។

កំណត់សម្គាល់

មជ្ឈមណ្ឌលភាសាបរទេស​តាគិន 

មជ្ឈមណ្ឌលភាសាបរទេសតាគិន ផ្តល់នូវការបង្រៀនភាសាអង់គ្លេសនិងថ្នាក់កុំព្យូរទ័រ ដល់កុមារតូចៗ និង យុវជន ​តាម​ភូមិនានាក្នុងខេត្តស្វាយរៀង ដោយមិនបង់ប្រាក់។ គម្រោងនេះកំពុងតែជួយ​លុបបំបាត់កក្តាមួយ​ចំនួនដែលបណ្តាលអោយមានការជួញដូរកុមារនិងយុវជន​ក្មេងៗទៅ​ធ្វើ​ការ​នៅ​ប្រទេសវៀតណាម និងបង្កើន ឳកាស​អប់រំសម្រាប់កុមារនិងយុវជន​ដេលកំពុងតែប្រឈមនិងគ្រោះថ្នាក់ពីការជួញដូរទាំងនោះរួម​ទាំងគ្រួសារ របស់ពួកគេ។ មជ្ឈមណ្ឌលក៏បានជួយ​ដល់កុមារ និងយុវជន​ដែលរងគ្រោះ​ពីការជួយញដូរដើម្បីអាច​ចូល​រៀន​នៅក្នុងប្រព័ន្ធអប់រំរដ្ឋវិញ​ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោកម៉ៃ ទិត្យថារ៉ា នាយកមជ្ឈមណ្ឌល

លេខទូរស័ព្ទ ៖ ០១៧ ៥០០ ៥០៣ អ៉ីម៉ែល៖ [email protected]