ក្រុមហ៊ុនហ្វេសប៊ុកបានសម្រេចបិទមិនឱ្យពលរដ្ឋនៅក្នុងប្រទេសអូស្រ្ដាលីទាំងអស់ អាចចូលទៅអានព័ត៌មានក្នុងស្រុកនិងព័ត៌មានអន្តរជាតិតាមហ្វេសប៊ុកបានដូចមុនឡើយ ហើយក៏មិនអាចចែករំលែកព័ត៌មានតាមហ្វេសប៊ុកដែរ ដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលអូស្រ្ដាលី ដែលនឹងបង្ខំឱ្យក្រុមហ៊ុនហ្វេសប៊ុកត្រូវចំណាយប្រាក់ចំពោះការបង្ហោះមាតិកាព័ត៌មាន។ ប៉ុន្តែវិធានការនេះ បានធ្វើឱ្យក្រុមហ៊ុនហ្វេសប៊ុករងការរិះគន់កាន់តែខ្លាំងពីជុំវិញពិភពលោក។

ក្រុមហ្វេសប៊ុកបានចាត់ទុកច្បាប់នេះ ថាបានធ្វើឱ្យមានការយល់ច្រឡំជាមូលដ្ឋានអំពីទំនាក់ទំនងរវាងក្រុមហ៊ុនហ្វេសប៊ុកជាមួយបណ្ដាក្រុមហ៊ុនបោះពុម្ពផ្សាយ។ ប៉ុន្តែអ្នក​នយោ​បាយ អ្នកបោះពុម្ពផ្សាយ និងមន្រ្តីអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួនបានយល់ឃើញថា ការសម្រេចរបស់ហ្វេសប៊ុកនេះ គឺជាការសម្លុតមួយ ដោយពួកគេបានលើកឡើងពីការព្រួយបារម្ភជុំវិញភាពលំបាកក្នុងការទទួលបានព័ត៌មាន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើហ្វេសប៊ុក នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត​ ម៉ូរីសុន បាននិយាយថា ហ្វេសប៊ុកកំពុងបង្ហាញសកម្មភាពមិនរាប់អានប្រទេស​អូស្ត្រាលី និងជាទង្វើដ៏ក្រអឺតក្រទមមួយ។ លោក ម៉ូរីសុន បានបន្ថែមថា លោកកំពុងទាក់ទងជាប្រចាំជាមួយមេដឹកនាំនៃប្រជាជាតិដទៃទៀត ដើម្បីពិភាក្សាលើបញ្ហានេះ ដើម្បីកុំឱ្យស្ថិតក្នុងការបំភិតបំភ័យពីក្រុមហ៊ុនហ្វេសប៊ុក។អង្គការសិទ្ធិមនុស្ស Human Right Watch អង្គការ Amnesty International និងអ្នកបោះពុម្ពផ្សាយ និងនយោបាយនៅប្រទេសអង់គ្លេស និងអាល្លឺម៉ង់ជាដើមក៏បានរិះគន់ចំពោះចំណាត់ការរបស់ក្រុមហ៊ុនហ្វេសប៊ុកនេះដែរ និងបានចាត់ទុកថាជាឱកាសធ្វើឱ្យការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរីករាលកាន់តែខ្លាំងថែមទៀត។

ជម្លោះរវាងហ្វេសប៊ុកជាមួយអូស្រ្ដាលីនេះ គឺបន្ទាប់ពីអាជ្ញាធរអូស្រ្តាលីនិយាយថា ពួកគេបានបង្កើតច្បាប់ដើម្បីដាក់កម្រិតលើប្រាក់ចំណេញរវាងក្រុមហ៊ុនយក្សបច្ចេកវិទ្យាហ្វេស​ប៊ុកនិងក្រុមហ៊ុនបោះពុម្ពផ្សាយ។ ក្នុងចំណោម១០០ដុល្លារអូស្រ្តាលីឬស្មើ៧៧ដុល្លារអាមេរិក ដែលបានចំណាយលើការផ្សាយពាណិជ្ជកម្មឌីជីថលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅអូស្រ្តាលីសព្វថ្ងៃនេះ គឺ៨១ដុល្លារអូស្រ្ដាលី បានទៅក្រុមហ៊ុនGoogleនិងក្រុមហ៊ុនហ្វេសប៊ុក។ ប៉ុន្តែហ្វេសប៊ុកចាត់ទុកថា ច្បាប់នេះគឺជាការដាក់ទណ្ឌកម្មមួយ។

ក្រុមហ៊ុនហ៊ុនក៏បានអះអាងថា ខ្លួនបានជួយឱ្យក្រុមហ៊ុនបោះពុម្ពផ្សាយនៅក្នុងអូស្ត្រាលី​រកប្រាក់ចំណូលបានប្រហែល៤០៧លានដុល្លារអូស្រ្តាលីកាលពីឆ្នាំមុនហើយប្រាក់ដែលក្រុមហ៊ុនខ្លួនទទួលបានគឺមានចំនួនតិចតួចប៉ុណ្ណោះ៕