អ្នកវិទ្យាសាស្រ្ដនៅជុំវិញពិភពលោក រួមទាំងអ្នកវិទ្យាសាស្រ្ដចិនផង បាននាំគ្នាថ្កោលទោសអំពីការផ្លាស់ប្ដូរហ្សែនមនុស្សរបស់អ្នកវិទ្យាសាស្រ្ដចិនម្នាក់។ ចំណែកឯរដ្ឋាភិបាលចិន ក៏បានចេញបញ្ជាឱ្យបញ្ឈប់ទាំងអស់ រាល់សកម្មភាពតាមបែបវិទ្យាសាស្រ្ដឯកជន ដែលពាក់ព័ន្ធនឹងការផ្លាស់ប្ដូរហ្សែនមនុស្សនេះ។

ប្រតិកម្មជុំទិសនេះ បានផ្ទុះឡើង បន្ទាប់ពីអ្នកវិទ្យាសាស្រ្ដចិនដែលជាសាស្រ្ដាចារ្យបង្រៀនម្នាក់ នៃសាលកវិទ្យាល័យនៅក្នុងតំបន់មួយនៃប្រទេសចិន គឺលោក He JianKui​បាននិយាយនៅក្នុងសប្ដាហ៍នេះថា លោកបានប្រើប្រាស់បច្ចេកវិទ្យាសាស្រ្ដផ្លាស់ប្ដូរហ្សែនមនុស្សម្យ៉ាងឈ្មោះCRISPR-Cas9ដើម្បីផ្លាស់ប្ដូរហ្សែនទារិកាភ្លោះចំនួនពីរនាក់ដែលទើបនឹងកើត ដើម្បីជួយការពារទារិកាទាំងពីរនេះកុំឱ្យឆ្លងមេរោគអេដស៍​។

បើទោះជាដឹងអំពីការប្រឆាំងយ៉ាងណាក្ដី ក៏លោក He JianKui បានថែមទាំងអះអាង ជាសាធារណៈថា លោកមានមោទនភាពខ្លាំងណាស់ចំពោះកិច្ចការនេះ។



ប៉ុន្តែចំពោះការប្រកាសផ្លាស់ប្ដូរហ្សែនមនុស្សនៅក្នុងប្រទេសចិននេះ មិនទាន់ត្រូវបានគេអះអាងជាការពិត ឬជាផ្លូវការនៅឡើយទេ។ អ្នកវិទ្យាសាស្រ្ដនៅជុំវិញពិភពលោកព្រួយបារម្ភថា ការផ្លាស់ប្ដូរហ្សែនបែបនេះ មិនមានសុវត្ថិភាពឡើយ ព្រោះអាចធ្វើឱ្យទារិកាទាំងនោះឆ្លងមេរោគជាច្រើន រួមទាំងជំងឺមហារីកដែរ ហើយវានឹងជាគំរូមិនល្អសម្រាប់អ្នកវិទ្យាសាស្រ្ដជំនាន់ក្រោយៗ អនុវត្តតាម។

លើសពីនេះប្រសិនបើការផ្លាស់ប្ដូរហ្សែនមនុស្សមានពិតមែននោះ គឺជាទង្វើប្រាសចាកពីក្រមសីលធម៌ទាំងស្រុង។ក្រុមអ្នកជំនាញខាងវិទ្យាសាស្ដ្រ បញ្ជាក់ដែរថា ឧបករណ៍ CRISPR-Cas9ដែលអ្នកវិទ្យាសស្ដ្រចិនយកទៅប្រើនោះ មិនមែនទើបនឹងរកឃើញថ្មីៗនេះទេ ប៉ុន្តែវាត្រូវបានគេរកឃើញតាំងពីឆ្នាំ២០១២។

ចំណែកគណៈកម្មការសុខភាពជាតិចិនក៏បាននិយាយដែរថា ទង្វើរបស់អ្នកវិទ្យាសាស្រ្ដរបស់ខ្លួនេះ គឺពិតជាបានរំលោភច្បាប់និងក្រមសីលធម៌នៅប្រទេសចិនយ៉ាងធ្ងន់ធ្ងរមែន ហើយករណីនេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។

រដ្ឋាភិបាលចិនក៏បានចេញប្រកាសឱ្យបញ្ឈប់នូវការផ្លាស់ប្ដូរហ្សែនមនុស្សជាបន្ទាន់ បន្ទាប់ពីដឹងថា លោក HeJianKui កំពុងចាប់ផ្ដើមជួយទារកផ្សេងទៀត​ហើយចំពោះទារិកាទាំងពីរដែលលោកបានជួយផ្លាស់ប្ដូរហ្សែនកុំឱ្យឆ្លងមេរោគអេដស៍នោះ​ នឹងត្រូវស្ថិតក្រោមការតាមដានរបស់លោករយៈពេល១៨ឆ្នាំឯណោះ៕

ប្រភព៖ BBC