ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួន នៅក្នុងទីរួមខេត្តបាត់ដំបង សោកស្តាយ​ចំពោះសមិទ្ធផល ព្រលានយន្តហោះខេត្តបាត់ដំបង ដែលបានផ្អាកដំណើរ​ការជា​យូរមកហើយ។

ព្រលានយន្តហោះនេះ​ មាន​អាយុកាល​ជិត ៦០ឆ្នាំ​​ និងបានផ្អាក​សកម្មភាព​ហោះហើរ​របស់ខ្លួន​ជិត ១៨ ឆ្នាំ​ហើយ។

ពលរដ្ឋខេត្តបាត់ដំបងម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា« ខ្ញុំមានការសោក​ស្តាយ ដែលព្រលាននេះ បានបាត់បងសកម្មភាពហោះហើរ អស់រយៈពេលជា​យូរមក​ហើយ។ សព្វថ្ងៃនេះ នៅរៀងរាល់ល្ងាច មានយុវជនជាច្រើនបានមកលំហែរកាយ លេង​នៅ​ទីនេះ។ ទោះយ៉ាងណាខ្ញុំចង់អោយព្រលានយន្តហោះនេះ បើកដំណើរការហោះ​ហើរឡើងវិញ»។

បើតាមអ្នកមើលការខុសត្រូវនៅព្រលានយន្តហោះខេត្តបាត់ដំបងម្នាក់លើកឡើងថា កន្លងមកធ្លាប់មាន​ក្រុមហ៊ុន​មកពី​កូរ៉េ ចិន អាមេរិក ​មក​ទាក់ទង​ និង​សិក្សា​ពី​តំបន់​នេះដែរ តែ​ពុំមាន​កើតជា​លទ្ធផល​អ្វី​ឡើយ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានខេត្តបាត់ដំបង​នេះ ​បានដាក់​អោយ​ដំណើរការ​នៅ​ឆ្នាំ ១៩៦៨ ហើយ​មាន​ជើងហោះហើរ​ជាច្រើន​ បានធ្វើ​ដំណើរ​ទៅមក​រវាង​ភ្នំពេញ ​និង​បាត់ដំបង។ នៅ​សម័យ​ លន់ ណុល​ ឬរបប​សាធារណរដ្ឋ​ផ្លូវថ្នល់​ទៅកាន់​ក្រុងភ្នំពេញ​ត្រូវ​កាត់ផ្តាច់ទាំង​អស់ ហើយ​ការធ្វើដំណើរ​ធ្វើ​​ទៅកាន់​ក្រុងភ្នំពេញ ​ឬ​ពី​ភ្នំពេញ​មក​បាត់ដំបង​ ​ត្រូវ​ពឹង​លើ​យន្តហោះ​ទាំងស្រុង​ហើយ​​នៅ​ទីនេះ​ក៏​ជាទី​កន្លែង​សម្រាប់​ធ្វើការ​វឹក​ហាត់​របស់​ទ័ពអាកាស​សាធារណរដ្ឋ​ខ្មែរ​ផងដែរ៕