លោក Richner ឈរនៅក្នុងចំណោមកុមារដែលទទួលបានការព្យាបាល កាលពីលោកនៅមានជីវិត

រដ្ឋាភិបាលស្វីស គ្រោងផ្ដល់ជំនួយ១២លាន ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាការលើកឡើងរបស់លោក Ivo Siebber ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅកម្ពុជា នៅពេលដែលោកជួបពិភាក្សាការងារជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល កាលពីសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការ។

បើតាមលោក Ivo Siebber ថវិកាចំនូួន ១២ លាននេះ នឹងជួយដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផារយៈពេល៣ឆ្នាំខាងមុខនេះ ពោលចាប់ពីឆ្នាំ២០១៩-២០២១។  បន្ថែមពីនលើនេះ លោកលើកឡើងថា រដ្ឋាភិបាលស្វីស ក៏សន្យាផ្ដល់ជំនួយខាងបច្ចេកទេស ដល់ក្រសួងសុខាភិបាល ប្រសិនបើកម្ពុជាត្រូវការ។

លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង បានអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលស្វីសដែលជួយដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី បង្ហាញពីអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយ ចំពោះការបាត់បង់វីរៈបុរសកុមារកម្ពុជាលោក Beat Richner ស្ថាបនិកនៃមន្ទីពេទ្យគន្ធបុប្ផា ដែលលោកបានធ្វើមរណៈភាពកាលពីពេលកន្លងទៅ។

លោក Ivo Siebber បានស្នើសូមឲ្យក្រសួងសុខាភិបាល រៀបចំឯកសារ ឬប្រតិបត្តិការនានាដែលមន្ទីរពេទ្យ បានកកើតឡើងក្នុងប្រទេសកម្ពុជា ក្រោមការខិតខំប្រឹងប្រែងរបស់លោក Beat Richner ដើម្បីទុកជាឯកសារយោង នៃការបើកដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕