សហគ្រាសកែច្នៃផលិតផលស្វាយនៃក្រុមហ៊ុនLBN Agriculture ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ វិនិយោគក្នុងទឹកប្រាក់ជាង២លានដុល្លារមានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួតបាន៣០០តោនក្នុងមួយខែ។

 បើតាមហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្មជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករខេត្តកំពង់ចាមនិងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ក្នុងមួយគីឡូ១២០០ទៅ១៦០០រៀលដោយកែឆ្នៃជាផលិតផលសម្រេចនាំចេញទៅលក់នៅប្រទេសចិនតម្លៃ៥.៣ ដុល្លារក្នុងមួយគីឡូ។

លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុន ដែលបានរួមចំណែករកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយនាំចេញនិងរួមចំណែកបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ៕