កាលពីថ្ងៃទី១១វិច្ឆិកា ស្ត្រីឈ្មោះ ផាត សានីន បានវះកាត់សម្រាលកូនដំបូងនៅមន្ទីរ​សម្ភព​ណូ​ប៊ែលដែលស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ប៉ុន្តែពីរបីថ្ងៃក្រោយមក ស្រ្ដីនោះក៏​ចាប់ផ្ដើមឈឺចុកចាប់ខ្លាំងតាមថ្នេរវះ និងមានឈាមហូរធ្លាក់ច្រើន ហើយត្រូវគ្រូពេទ្យអះអាងថា ស្រ្ដីរូបនេះមានផ្ទុកជំងឺគ្រុនឈាម និងបានបញ្ជូនឱ្យទៅវះកាត់២ដងបន្ថែមទៀត មុនពេលស្រ្ដីរូបនេះបានស្លាប់កាលពីថ្ងៃទី២២វិច្ឆិកា ចោលកូនដែលទើបនឹងកើតបាន១១ថ្ងៃ។

លោក មុត វង្សមុន្នីរិទ្ធ ដែលរស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងត្រូវជាប្តីស្ត្រីរងគ្រោះបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣វិច្ឆិកានេះថា មុនពេលវះកាត់សម្រាលកូន២ទៅ៣ថ្ងៃ ប្រពន្ធរបស់លោកបានក្តៅខ្លួនខ្លាំងរហូតទៅ៤០អង្សា ហើយលោកក៏បាននាំប្រពន្ធទៅជួបពេទ្យនៅឯមន្ទីរសម្ភពណូប៊ែលដែលជាកន្លែងបានផ្ញើរពោះ។

លោកបន្តថា នៅពេលទៅដល់មន្ទីរសម្ភពនោះ គឺគ្រូពេទ្យបានចាក់ថ្នាំឱ្យ និងក្រោយមកក៏បានត្រឡប់មកផ្ទះវិញដោយសារអាការក្ដៅខ្លួនបានធូរស្រាល។ នៅថ្ងៃទី១០វិច្ឆិកា លោកក៏បានយកប្រពន្ធទៅជួបពេទ្យម្តងទៀតដើម្បីពិនិត្យសុខភាពនិងពិនិត្យអេកូដែលបង្ហាញ​ថាទឹកភ្លោះនៅសល់តិច ដែលគ្រូពេទ្យប្រាប់ឱ្យវះ ខណៈការពិនិត្យឈាមក៏គ្រូពេទ្យអត់ប្រាប់ថាមានបញ្ហអ្វីនោះទេ។

លោកថា៖«ហើយពេទ្យប្រាប់ថាវះទៅខ្លាចមានបញ្ហដល់ម្តាយនិងកូន។ រួចប្រពន្ធខ្ញុំចាប់ផ្តើម​វះកាត់នៅថ្ងៃទី១១ខែវិច្ឆិកា។ ពេលវះកាត់បានរំលងមួយយប់ ប្រពន្ធខ្ញុំចាប់ផ្តើមឈឺថ្នេរនិងឈឺពោះ។ អឹចឹង! ខ្ញុំហៅដុកទ័រមកមើល ហើយដុកទ័រ ឲ្យថ្នាំលេប ដោយមិនបានមើលថ្នេរអ្វីទេ«។

លោកបានបញ្ជាក់ទៀតថានៅថ្ងៃបន្ទាប់ ប្រពន្ធគាត់កាន់តែឈឺខ្លាំងនៅត្រង់ថ្នេរ ហើយមកដល់ថ្ងៃទី១៣ ក៏ចាប់ផ្តើមស្លេកសាំងកាន់តែខ្លាំង និងមកដល់ថ្ងៃទី១៤ ការឈឺចាប់ក៏កាន់តែខ្លាំងមែនទែនមួយកម្រិតទៀត ទើបខាងពេទ្យមកពិនិត្យអេកូមើលម្ដងទៀត ក៏ស្រាប់តែឃើញមានឈាមកកនៅកន្លែងថ្នេរ ហើយខាងពេទ្យនៃមន្ទីរសម្ភពនោះ ក៏សម្រេច​ឲ្យបញ្ជូនទៅមន្ទីរពេទ្យជប៉ុនដើម្បីវះកាត់សារថ្មីយកឈាមកកចេញ។

លោក មុត វង្សមុន្នីរិទ្ធ អះអាងទៀតថា ថ្វីត្បិតបានវះលើកទី២ដើម្បីយកឈាមដែលកកចេញ ក៏ប៉ុន្តែប្រពន្ធរបស់លោកនៅតែបន្តហូរឈាមកាន់តែច្រើនមិនឈប់ ហើយក្រោយ​ពី​យក​ឈាមទៅពិនិត្យម្ដងទៀត ក៏រកឃើញឃើញថាមានជំងឺគ្រុនឈាម រួចក៏បានបញ្ចូនទៅ​វះកាត់លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោកបញ្ជាក់ថា ចំពោះកូនដែលទើបនឹងកើត ក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារ​ជាតិ ដោយ​សារមានជំងឺគ្រុនឈាម ចំណែកសពប្រពន្ធត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តទឹកថ្លា។



ចំណែកលោកស្រី ចំរើន ច័ន្ទលីដា ដែលត្រូវជាមិត្តភក្ដិស្រ្ដីរងគ្រោះក៏បានប្រាប់ដែរថា ដោយ​ស្ថានភាពកាន់តែធ្ងន់ធ្ងរ ស្រ្ដីរងគ្រោះក៏ត្រូវបានបញ្ជូនមកវះកាត់លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយត្រឹមតែរយៈពេល៤ថ្ងៃ គាត់បានទទួលការវះកាត់រហូត៣លើក។

លោកស្រីរូបនេះបន្តថា ដោយសារស្ថានភាពកាន់តែអាក្រក់រហូតតស៊ូលែងបាន មិត្តភក្ដិរបស់ខ្លួនក៏បានស្លាប់នៅព្រឹកថ្ងៃទី២២ គឺ១សប្តាហ៍ក្រោយការវះកាត់លើកចុងក្រោយ។ លោក​ស្រី ច័ន្ទលីដា អះអាងទៀតថា ប្តីជនរងគ្រោះតែងតែសួរគាត់ពីនិតីវិធីនៃការប្តឹង តាំងពីប្រពន្ធមិនទាន់ផុតជីវិត ប៉ុន្តែគាត់ប្រាប់ថា គួរយកចិត្តទុកដាក់ព្យាបាលប្រពន្ធ​សិន និងសិក្សាពីបញ្ហនេះឲ្យបានច្បាស់មុនឈានដល់ការប្តឹង ដើម្បីជៀសវាងការយកពងមាន់ទៅជល់នឹងដុំថ្ម។

លោកស្រីថា៖«សូមអ្នកម្តាយដែលកំពុងពពោះកូន មានការប្រុងប្រយ័ត្ន តាមដានសុខភាពឱ្យបានទៀងទាត់ ជាពិសេសត្រូវធ្វើតេស្តឈាម មុនធ្វើការវះកាត់ដើម្បីដឹងច្បាស់ពីកត្តាសុខភាពបង្ការការគ្រោះថ្នាក់ដល់ជីវិត»។

លោកវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរសម្ពពណូប៊ែលដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌​មាន​ខ្មែរណាស់ថា តាមពិតទៅស្ត្រីនេះមានសុខភាពធម្មតាបន្ទាប់ពីវះកាត់ហើយភ្លាម និង​ក្រោយពី៣ទៅ៤ថ្ងៃប៉ុណ្ណោះបន្ទាប់ពីវះកាត់រួច ទើបគាត់កើតអាការស្លេកស្លាំង និងពិនិត្យឃើញមានជំងឺគ្រុនឈាម។

លោកថា៖«ពិនិត្យឈាមហើយ ដូចជាករណីធម្មតាៗ ទើបសម្រេចវះកាត់គាត់។ ដោយសារគាត់អស់ទឹកភ្លោះអាលីង ណាមួយយើងបារម្ភគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ ការដែលអស់ទឹកភ្លោះមានផលវិបាកគឺថាកូននៅក្នុងពោះអាចខូច។ មុនវះកាត់ ស្ត្រីនេះមានទម្ងន់គ្រប់ខែហើយ តែមិនឈឺពោះ»។

លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខា​ភិ​បាលបានលើកឡើងដែរថា លោកអាចបកស្រាយបានតែអ្នកកើតជំងឺគ្រុនឈាមទូទៅប៉ុណ្ណោះ ប៉ុន្តែលោកមិនអាចបកស្រាយជុំវិញស្រ្ដីដែលស្លាប់ក្រោយពីសម្រាលដោយវះកាត់ ហើយកើយមានឈាមកកដោយផ្ទុកជំងឺគ្រុនឈាមនោះទេ។ លោកបន្តថា អ្នកជំងឺគ្រុន​ឈាម​ត្រូវព្យាបាលដោយថ្នាំដាក់សេរ៉ូម៕