ស្រ្ដីខ្មែរឥស្លាមអាយុ២៦ឆ្នាំម្នាក់ ដែលមានឈ្មោះថា លី រ៉ហីម៉ាស់ និងមានស្រុកកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើវីដេអូមួយមកកាន់អាជ្ញាធរកម្ពុជា ដើម្បីស្នើសុំឱ្យជួយរំដោះនាងចេញពីប្រទេសរ៉ាប៊ីសាអ៊ូឌីតមកកាន់កម្ពុជាវិញ ក្រោយពីនាងត្រូវបានមេខ្យល់ជនជាតិវៀតណាមនាំយកទៅលក់នៅប្រទេសនេះតាំងពីឆ្នាំ២០១៧ តាមរយៈការបោក​បញ្ជោត​ ថាជួយរកការងារក្នុងរោងចក្រឱ្យនាងធ្វើ។

រ៉ហីម៉ាស់ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅយប់ថ្ងៃទី២៨ធ្នូនេះថា បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ជនជាតិវៀតណាមម្នាក់មកកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាងត្រូវបានរងនូវអំពើហិង្សាជាច្រើនពីខាងម្ចាស់ផ្ទះ ហើយធ្លាប់បានរត់ទៅពាក់ពឹងឱ្យប៉ូលីស​អារ៉ាប៊ីសាអ៊ូឌីតជួយដែរ ប៉ុន្តែអាជ្ញាធរប្រទេសនេះបានត្រឹមអើពើប៉ុណ្ណោះ។

នាងនិយាយថា៖«ខ្ញុំដឹងថាគេយកខ្ញុំមកលក់ព្រោះគេធ្វើបាបខ្ញុំតាំងពីថ្ងៃដំបូងដែលខ្ញុំ​មក​ជាន់ទឹកដីប្រទេសអារ៉ាប់នេះ ហើយគេដកហូតឥវ៉ាន់របស់ខ្ញុំទាំងអស់ សូម្បីតែលេខទូរស័ព្ទដែលខ្ញុំបានកត់ដាក់សៀវភៅ និងដកហូតយកលិខិតឆ្លងដែន ហើយគេកាត់សក់របស់ខ្ញុំដូចប្រុស និងមិនឱ្យខោអាវខ្ញុំពាក់នោះទេ គឺមានតែខោអាវមួយតួខ្លួនប៉ុណ្ណោះដែល​ពាក់ធ្វើការរាល់ថ្ងៃ»។

ស្រ្ដីរូបនេះបន្តទៀតថា ម្ចាស់ផ្ទះបានវាយធ្វើបាបលើរាងកាយ និងធ្លាប់បង្អត់អាហារ លើស​ពីនេះ ធ្លាប់ព្រមានអារកសម្លាប់នាង ក្រោយពីនាងបានព្យាយាមទាក់ទងទៅមេខ្យល់ ដើម្បី​សុំត្រឡប់មកកម្ពុជា។

នាងថា៖«ខ្ញុំធ្វើការនៅក្នុងផ្ទះទី១បានតែ៣ខែទេ តែដោយសារតែខ្ញុំអត់អាហារ និងម្ចាស់ផ្ទះគំរាមចង់អាករខ្ញុំ។ អ៊ីញ្ចឹង! ហើយខ្ញុំខ្លាចក៏សម្រេចចិត្តផ្លោះរបងផ្ទះរត់ចេញពីផ្ទះ»។



ក្រោយពីរត់ចេញពីផ្ទះ នាងទៅដល់ប៉ុស្ដិ៍ប៉ូលីស ប៉ុន្តែគ្មានអ្នកណាអើពើដើម្បីជួយនាងឡើយ ហើយនាងបានគេងនៅមុខប៉ុស្តិ៍ប៉ូលីសចំនួន៣ថ្ងៃ ទើបមានគ្រួសារអារ៉ាប់មួយផ្សេងទៀត សន្យាថានឹងជួយនាង ហើយនាំទៅធ្វើការនៅក្នុងផ្ទះរបស់គ្រួសារទី២នេះ។

រ៉ហីម៉ាស់ លើកឡើងថា ក្រោយពីបានទៅបម្រើឱ្យម្ចាស់ផ្ទះទី២បានចំនួន៣ឆ្នាំ គឺឥឡូវនេះ កូនរបស់ម្ចាស់ផ្ទះ បានវាយធ្វើបាបនាង និងបានបណ្តេញនាងចេញពីផ្ទះថែមទៀត ទើបនាងបង្ខំចិត្តសម្រេចធ្វើវីដេអូស្វែងរកអ្នកជួយអន្តរាគមន៍ដើម្បីឱ្យរូបនាងបាន​វិលត្រ​ឡប់​​​មកមាតុភូមិវិញ។

នាងបន្ថែមថាមិនចង់បានអ្វីផ្សេងក្រៅពីសុំឱ្យរដ្ឋាភិបាលជួយនាំនាងបានត្រឡប់មកប្រទេសវិញ ដោយសារនាងកំពុងនឹកកូន និងមានជីដូនចាស់ភ្លេចភ្លាំងនៅចាំឯផ្ទះ ដែលត្រូវការអ្នកមើលថែរផងដែរ។ ស្រ្ដីដដែលនេះអះអាងថា តាំងពីមកធ្វើការនៅប្រទេសអា​រ៉ាប់មក នាងធ្លាប់បានផ្ញើរប្រាក់ទៅឱ្យជីដូនបានចំនួន២ដងប៉ុណ្ណោះ ដោយសារម្ចាស់ផ្ទះមិនបានបើកប្រាក់ខែឱ្យ។

ជុំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់ មិនអាចសុំការបញ្ជាក់ពីលោក កុយ គួង មន្រ្តីនាំពាក្យក្រសួងការបរទេសបានទេ ដោយសារទូរសព្ទហៅចូលត្រូវបានលោកចុចបិទវិញ។

រ៉ហីម៉ាស់ បានលើកឡើង នាងគឺជាកូនកំព្រា ហើយថែមជាស្រ្ដីមេម៉ាយកូន១ ហើយសព្វថ្ងៃ កូនរបស់នាងកំពុងរស់នៅខាងប្តី និងជីដូនចាស់ជរាកំពុងរស់នៅជាមួយប្អូន។ នាងកំពុង​សង្ឃឹមលើអាជ្ញាធរកម្ពុជា និងអង្គការសិទ្ធិមនុស្សនានាដែលបម្រើការខាងការប្រ​ឆាំង​ជួញដូរមនុស្ស ជួយសង្គ្រោះនាងឱ្យបានឆាប់៕