បន្ទាយមានជ័យ៖ ស្រូវប្រាំងជិត៥០០ហិកតារបស់ប្រជាកសិករ​នៅក្នុងឃុំចំនួន២​របស់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដែលជួបគ្រោះរាំងស្ងួតដោយសារការខ្វះទឹកនោះ ឥឡូវនេះកំពុងត្រូវបានអាជ្ញាធរ បូមទឹកជួយ​សង្គ្រោះក្រោមកិច្ចសហការរវាង​មន្ទីរជំនាញអាជ្ញាធរដែនដីនិងម្ចាស់ស្រែ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាដោយស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ ធ្វើឲ្យប៉ុន្មាន​ឆ្នាំកន្លងមកនេះស្ថាន​ភាពភ្លៀងដើមឆ្នាំលឿន និងចុងឆ្នាំអូសបន្លាយ​ជាហេតុបណ្តាល​ឱ្យមានការព្រួយ​បារម្ភនឹងកង្វះខាតទឹកស្រោចស្រពនិងប្រើប្រាស់។

របាយការណ៍មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងថានៅរដូវបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០១៨-២០១៩ នេះ ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការ​ផលិត​ស្រូវលើផ្ទៃដីចំនួន ២២.០០០ ហិកតា។ប៉ុន្តែការដាំដុះជាក់ស្តែងរបស់កសិក រហូតមក​ដល់​ពេលនេះគឺសម្រេចបានលើផ្ទៃដីជាង ៤៥.០០០ ហិកតា ពោលគឺបានធ្វើលើស​ផែនការជាង ២៣.០០០ ហិកតា ខណៈផ្ទៃដីរាប់ពាន់ហិកតា​បាននិងកំពុងជួបការ​ខ្វះខាតទឹក៕

ប្រភព៖ AKP