មន្រ្តីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម កែវ វី បានបញ្ជាក់នៅថ្ងៃទី ១៤ តុលាថា ជំនន់ទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ ក្នុងរយៈពេលពីរបីខែនេះ បានធ្វើឱ្យស្រូវនិងដំណាំរួមផ្សំរបស់ពលរដ្ឋចំនួន៦៥,៤០៤ ហិកតា ត្រូវរងការខូចខាតទាំងស្រុង។

មន្រ្តីនាំពាក្យដដែលអះអាងថា​ ការបូកសរុបតួលេខនេះបានធ្វើឡើង បន្ទាប់ពីទឹកជំនន់ធំប្រចាំឆ្នាំ២០១៨ នេះ បានចាប់ផ្ដើមចុះវិញហើយ ហើយក្នុងនោះ ពលរដ្ឋជាច្រើនដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក៏បានវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញដែរ។

ឯកឧត្តម កែវ វី បញ្ជាក់ដែរថា ផលប៉ះពាល់សរុបនៃគ្រោះទឹកជំនន់សម្រាប់ឆ្នាំ២០១៨នេះ គឺបានធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់សរុបចំនួន១៣៤,៨៩៣គ្រួសារ ជម្លៀសទៅទួលសុវត្ថិភាពចំនួន១២៦៦៨គ្រួសារ រងគ្រោះស្លាប់៦៣នាក់ រងរបួស២៣នាក់ និងផ្ទះរងការខូចខាតចំនួន២៤១ខ្នង៕