ស្រូវពលរដ្ឋ ជាង ៤ ពាន់ហិកតា នៅក្នុងស្រុកក្រុងចំនួន៦ក្នុង ចំណោមស្រុក ក្រុងទាំង៨ នៃខេត្តស្វាយរៀង អាចនឹងត្រូវខូចខាត ដោយសារខ្វះទឹក។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨។

របាយការណ៍មន្ទីរកសិកម្មដដែល បានបញ្ជាក់ថា នៅឆ្នាំនេះល្បាយទឹកភ្លៀង ខ្សោយជាងឆ្នាំមុនបន្តិច ស្រោចស្រពនៅលើផ្ទៃដីមិនបានគ្រប់ទីកន្លែងនោះទ ធ្វើឱ្យការបង្ក បង្កើនផលជួបបញ្ហា បើទោះជាមន្ទីរធនធានទឹកខិតខំជីកស្តារនាំទឹកស្រោចស្រព ក៏ចលនាបង្ក បង្កើនផលមិនសម្រេចទៅតាមផែនការប្រចាំឆ្នាំដែរ ពីព្រោះទំហំផ្ទៃដីមានការរាំងស្ងួតច្រើន។

ប្រជាកសិករដែលរងផលប៉ះពាល់ បានអំពាវនាវដល់មន្ទីរធនធានទឹក ជួយជីកស្តារប្រឡាយដើម្បីនាំ ទឹកទៅកាន់តំបន់របស់ពួកគាត់ ដើម្បីទប់ស្កាត់ការខូចខាតដំណាំស្រូវ និងបង្កើនការ ដាំដុះស្រូវឱ្យបានទាន់រដូវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង លោក គឹម សាវុធ  បានឆ្លើយតបថា មន្ទីរកំពុងធ្វើការសិក្សាស្វែងរកប្រភពទឹក ពីព្រោះគម្រោងជីកស្តារ ប្រឡាយនីមួយៗ ត្រូវចំណាយថវិកាច្រើន តែទោះជាយ៉ាងណាមន្ទីរមានទិសដៅ ជីកស្តារប្រឡាយនៅ គ្រប់តំបន់ដែលមានប្រភពទឹក ដើម្បីទាញយកទឹកទៅឱ្យពលរដ្ឋ បង្កបង្កើនផលឱ្យបានគ្រប់គ្រាន់៕

បើតាមរបាយខាងលើ ការបង្កបង្កើនផលស្រូវរបស់កសិករនៅក្នុងខេត្តស្វាយរៀង ចាប់ពីដើមរដូវវស្សារហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា នេះ សម្រេចបានចំនួន ជាង១៦ម៉ឺន ៥ពាន់ហិកតា ស្មើនឹង ៩៨ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ១៦ ម៉ឺន ៧ពាន់ ៥ រយហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ថយចុះជាង៣ពាន់ហិកតា៕