ពលរដ្ឋរស់នៅក្បែរទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់ជាតិ ដើម្បីចាត់វិធានការលើជនមិនស្គាល់មុន ដែលពួកគាត់អះអាងថា កំពុងឈូសឆាយដីដែលទុកសម្រាប់បង្កើតផ្សារជាង១០ហិកតា ពុះធ្វើជាដីឡូត៍លក់ដូរ។

លោក មឿន ធា ពលរដ្ឋរស់នៅភូមិស្រែសំណុក ឃុំក្បាលរមាស ស្រុកសេសាន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៧មករានេះថា កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលបានសម្រេចរក្សាដីជាង១០ហិកតានេះ ដើម្បីឱ្យខាងក្រុមហ៊ុនអគ្គិសនីសេសានទទួលខុសត្រូវក្នុងការអនុវត្តគម្រោងបង្កើតជាផ្សារឱ្យពលរដ្ឋរស់នៅតំបន់នេះប្រមាណជាង៣០០គ្រួសារ ។

ប៉ុន្តែលោកបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ មិនទាន់បានអនុវត្តចេញជាហេដ្ឋារចនាសម្ព័ន្ធអ្វីនៅឡើយ ផ្ទុយទៅវិញមកដល់ដើមខែមករា២០២១ស្រាប់តែមានជនមិនស្គាល់មុខមកធ្វើការឈូសឆាយដើម្បីធ្វើអាជីវកម្មពុះដីឡូត៍លក់ទៅវិញ។

លោកបន្ថែមទៀតថា ការពុះដីឡូត៍លក់នោះ មិនមែនតែស្ថិតនៅលើទីតាំងដីទុកសម្រាប់ធ្វើផ្សារឡើយ ថែមទាំងប៉ះពាល់មកលើដីដែលកំពុងកាន់កាប់ដោយប្រជាពលរដ្ឋ និងដីរបស់វត្តថែមទៀត ប៉ុន្តែពួកគេបានដកថយវិញ ក្រោយការមានតវ៉ាពីសំណាក់ពលរដ្ឋ។

លោកថា៖«ពុំមានការប្រតិកម្មពីសំណាក់ក្រុមហ៊ុនអគ្គសនីដែលទទួលគម្រោងនេះទេ។ តែស្រាប់តែស្ងាត់ៗមានសកម្មភាពឈូសឆាយធ្វើជាដីឡូត៍តែម្តង។ ជាទាហានតែមិនស្គាល់មុខ ព្រោះមានឡានជាខេរភូមិន្ទ»។

លោក ផេង កុសល្យ ពលរដ្ឋម្នាក់ទៀតបានលើកឡើងដែរថា ជុំវិញការយកដីត្រៀមបង្កើតផ្សារទៅពុះឡូត៍លក់នេះ គឺខាងអាជ្ញាធរភូមិនិងឃុំពុំបានជួយរកដំណោះស្រាយសម្រាប់ពលរដ្ឋឡើយ ផ្ទុយទៅវិញបានស្តីបន្ទោសឱ្យពលរដ្ឋបញ្ឈប់សកម្មភាពតវ៉ា។

លោកថា៖«គាត់(អាជ្ញាធរឃុំ)និយាយថា ប្រសិនបើដីដែលរដ្ឋឲ្យហ្នឹង បើមិនបរិច្ចាគឲ្យគេ​មកអភិវឌ្ឃទេ មិនរីកចម្រើនទេ វានៅតែចឹង»។

ពលរដ្ឋរូបនេះបន្តថា ដីចំនួនជាង១០ហិកតានេះ គឺរដ្ឋបានផ្តល់ឲ្យពលរដ្ឋបង្កើតជាផ្សារដើម្បីលក់បន្លែ ត្រីសាច់តិចតួចសម្រាប់ចិញ្ចឹមជីវិតនៅពេលខាងមុខ។



លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានលើកឡើងថា ដីស្ថិតនៅក្នុងភូមិស្រែសំណុកនេះ គឺរដ្ឋពិតជាបានផ្តល់ឲ្យពលរដ្ឋសម្រាប់បង្កើតជាផ្សារលក់ដូរមែន ក្នុងន័យដើម្បីជួយបង្កើនប្រាក់ចំណូលទៅដល់ជនជាតិដើមភាគតិច និងពលរដ្ឋក្នុងមូលដ្ឋាននោះ​។

លោកបញ្ជាក់ថា លោកអភិបាលខេត្តបានចាត់តាំងកម្លាំងចុះស្រាវជ្រាវរឿងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជននេះហើយ កាលពីថ្ងៃទី២៥មករានេះ។

លោកថា៖«ប្រសិនបើមានករណីពុះដីឡូត៍លើដីនោះមែន វាជាករណីមិនសមស្របនោះទេ។ បើសិនមិនបានបង្កើតផ្សារតាមគោលបំណងរបស់ខេត្តដែលបានណែនាំទៅដល់អាជ្ញាធរមូលដ្ឋានកាលពីពេលកន្លងទៅ ហើយប្រសិនបើមានករណីខុសច្បាប់ណាមួយនោះយើងនិងអនុវត្តតាមច្បាប់»។

លោក បៃ ពិន មេភូមិស្រែស្រណុកទទួលស្គាល់ថា ពិតជាមានករណីពុះដីឡូត៍លក់ស្ថិតនៅក្នុងដីចំនួនជាង១០ហិកតាមែន ប៉ុន្តែមិនបានយកដីទាំងអស់មកធ្វើជាដីឡូត៍ឡើយ គឺមានតែមួយផ្នែកប៉ុណ្ណោះ។

លោកបញ្ជាក់ថា មូលហេតុអាជ្ញាធរមូលដ្ឋានធ្វើបែបនេះ ដើម្បីបានថវិកាពីការលក់ដីនោះខ្លះ យកថវិកាសម្រាប់សាងសង់ផ្សារ និងទុកខ្លះសម្រាប់បម្រើសេវាកម្មផ្សេងៗនៅពេលដែលផ្សារសាងសង់រួច ដូចជាថ្លៃសន្តិសុខយាមផ្សារជាដើម។

លោកថា៖«ពលរដ្ឋមានការខឹងសម្បារនេះ គឺត្រង់ថាមានការចង់យកដីវត្តបន្ថែមទៀតកាលពីពេលថ្មីៗនេះ និងការចង់ឃាត់ខ្លួនពលរដ្ឋពីរនាក់ដែលបានតវ៉ានៅក្នុងរឿងនេះ។ ក៏ប៉ុន្តែឥឡូវ ដីវត្តគេលែងយកហើយ ដោយពុំមានការយល់ព្រមពីគណកម្មការវត្ត»។

មេភូមិរូបនេះបញ្ជាក់ថា ផ្សារដែលត្រូវសាងសង់ខាងមុខនេះ គឺមានចំនួនជាង១០០តូប។ ចំណែកក្រុមពលរដ្ឋវិញបានអះអាងដែរថា ករណីយកដីរដ្ឋពុះឡូត៍នេះ គឺពួកគាត់បានប្ដឹងមកដល់មន្រ្តីនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីរួចហើយ៕