ភ្នំពេញ៖ សំរាមជាច្រើន កំពុងកើតឡើងនៅទីប្រជុំជន ជាពិសេសនៅក្នុងរាជ​ធានី​​ភ្នំពេញ។ សំរាមទាំងនេះ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ ជាពិសេស​កុមារតូចៗ ដែលកំពុងទទួលរងផលប៉ះពាល់ទាំងនេះ។ នេះជាការលើក​ឡើងរបស់​​ស្ថាប​និក​ធុងបរិស្ថាន អ្នកស្រី សឿង សុថារី។

អ្នកស្រី សុថារី លើកឡើងថា« បច្ចុប្បន្នបញ្ហាបរិស្ថាន គឺជារឿងដ៏រសើប ដែលអាជ្ញាធរ​ពាក់ព័ន្ធ សង្គមស៊ីវិល និងពលរដ្ឋ បាននឹងកំពុងសហការគ្នាដោះស្រាយជាប្រចាំ។ បើបងប្អូន អាចកាត់បន្ថយបាន គួរតែចាប់ផ្តើមពីឥឡូវនេះ ជាដំបូងត្រូវកាត់​បន្ថយ​​ការប្រើប្រាស់​ថង់ប្លាស្ទិក ម្តងបន្តិចៗ និងត្រូវរំលឹកជានិច្ចចំពោះសមាជិកគ្រួសារ ត្រូវបញ្ជ្រាប​ចំណេះ​ដឹងអំពីបរិស្ថាន ចាប់ពីកុមារ រហូតដល់មនុស្សចាស់។ ខ្ញុំយល់ថា ធ្វើបែបនេះ វាមិនស្រួល​ទេ តែបើមិនធ្វើតើមានអ្នកណាធ្វើ?»

ផ្ទះមួយ ធុងបរិស្ថានមួយ ដើម្បីសំអាតសំរាមនៅជុំវិញផ្ទះ។ នេះជាសំដីរបស់ម្ចាស់ធុង​បរិស្ថាន សឿង សុថារី ដែលបានចំណាយពេលវេលាជាច្រើន កែច្នៃសំណល់សំបក​កង់ឡានចាស់ៗ ដែលគេលែងប្រើប្រាស់ អោយទៅជាធុងសំរាម ដែលមានប្រយោជន៍​ដល់សង្គម និងបរិស្ថាន។

ធុង សំរាមបរិស្ថាន ដែលកែច្នៃចេញពីសំបក់កង់ឡាននេះ មានអត្ថប្រយោជន៍ ផ្ទុក​​សំ​​រាម​​បាន​ច្រើន និងមានគម្រប ដើម្បីការពារក្លិន កុំអោយសាយភាយនាំ​អោយប៉ះពាល់​ដល់​​ផ្លូវដង្ហើម៕

អត្ថបទ៖ ខ្មែរណាស់