យោងតាមក្រុមបរិស្ថានOCeanAsiaបានអះអាងថា កាលពីឆ្នាំ២០២០ ម៉ាសដែលគេប្រើប្រាស់រួចហើយមិនបានទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ កំពុងហូរចូលទៅក្នុងមហាសមុទ្រមានចំនួន១.៥ពាន់លានម៉ាសឬស្មើនឹងចំនួនប្រមាណ ៦ ២០០ តោននៃការបំពុលប្លាស្ទិកនៅសមុទ្រ។

ម៉ាសបានជួយសង្គ្រោះជីវិតអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ប៉ុន្តែវាកំពុងបង្កគ្រោះថ្នាក់ដល់ជីវិតសត្វព្រៃ បក្សី និងសត្វសមុទ្រដ៏ច្រើន។ ម៉ាសដែលប្រើបានតែមួយម្ដង ត្រូវបានគេប្រទះឃើញរាយប៉ាយពាសពេញផ្លូវគោក និងផ្លូវទឹក និងតាមឆ្នេរសមុទ្រនៅទូទាំងពិភពលោក ចាប់តាំងពីប្រទេសនានាបានចាប់ផ្តើមតម្រូវឱ្យប្រើប្រាស់ម៉ាសនៅតាម​ទី​សាធារណៈ ដើម្បីបន្ថយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

ផលប៉ះពាល់ធំបំផុតនៅពេលនេះ គឺមិនមែនមានតែម៉ាសដ៏ច្រើនសន្ធឹកសន្ធប់នោះទេ ក្នុងនោះក៏មានស្រោមដៃជ័រ និងសំលៀកបំពាក់ជាឧបករណ៍ការពារផ្សេងទៀត ដែលត្រូវបានគេប្រើប្រាស់ដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩ កំពុងបន្តហូរចូលសមុទ្រនិងទន្លេ ដែលកំពុងបង្កភាពកខ្វក់នៅក្នុងទឹក។



ក្រុមអ្នកអភិរក្សនៅក្នុងប្រទេសប្រេស៊ីល បានរកឃើញសត្វភេនឃ្វីនងាប់ដែលក្នុងពោះរបស់វា ត្រូវបានគេរកឃើញម៉ាស ខណៈត្រីក្រពតសមុទ្រងាប់នៅក្បែរឆ្នេរMiami ក៏គេបានរកឃើញមានកាកសំណលម៉ាសនៅក្នុងពោះរបស់វាដែរ។ ចំណែកនៅក្នុងប្រទេស​បារាំង​វិញ គេបានរកឃើញសត្វក្ដាមសមុទ្រងាប់ ដោយសារជាប់អន្ទាក់ខ្សែរបស់ម៉ាស។​

ក្រុមអ្នកការពារបរិស្ថានកំពុងធ្វើយុទ្ធនាការ ដើម្បីជំរុញអ្នកប្រើប្រាស់ម៉ាសរួចហើយ ត្រូវយកទៅដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយហានិភ័យដល់សត្វដែលងាប់ដោយជាប់អន្ទាក់ខ្សែរបស់ម៉ាស។

OceansAsia ក៏បានអំពាវនាវដល់រដ្ឋាភិបាលនានា ឱ្យបង្កើនការពិន័យចំពោះការទុក​ដាក់សំរាមម៉ាសមិនបានត្រឹមត្រូវនិងបានលើកទឹកចិត្តឱ្យប្រើម៉ាសដែលអាច​លាង​សម្អាតបាន៕