អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានចេញសេចក្តីជូនដំណឹងនៅថ្ងៃនេះ ដោយបញ្ជាក់ថា មានសត្វផ្សោតមួយក្បាលនៅខេត្តក្រចេះ បានងាប់ ដោយមិនដឹងមូលហេតុ។

WWF បានបង្ហាញក្តីសោកស្តាយបែបនេះថា៖«យើងមានការសោកស្តាយដែលបានដឹងថា សត្វផ្សោតមួយក្បាលបានងាប់កាលពីម្សិលមិញនៅឯកាំពីទីរួមខេត្តក្រចេះ»។

សាកសពសត្វផ្សោត​ ត្រូវបានយកមករក្សាទុកនៅក្នុងទូទឹកកកនៅឯការិយាល័យអង្គការ WWF ប្រចាំខេត្តក្រចេះ​ ដេីម្បីទុកធ្វេីកោសល្យវិច័យ។ បើតាម WWF មកដល់ពេលនេះ នៅមិនទាន់មានសញ្ញាណាមួយដែលបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការងាបង់សត្វផ្សោតនេះទេ។

ទោះជាយ៉ាងណាក៏ដោយ​ ក្រុមការងារស្រាវជ្រាវរួម ដែលមានរដ្ឋបាលជលផល​ និងអង្គការ WWF បានធ្វេីការសន្និដ្ឋានជាបឋមថា ​សត្វផ្សោតនោះអាចងាប់ដោយសារមានអាយុចាស់​ ដោយការពិនិត្យឃេីញថា​ វាមានធ្មេញរិល​ មានទំងន់ ១៩១​ គីឡូក្រាម​ មានប្រវែងសរុប ២,២៣ ម៉ែត្រ​ និងអាយុប្រហាក់ប្រហែលចន្លោះពី ២៥-២៧​ ឆ្នាំ។

សត្វផ្សោតដែលស្លាប់នេះ​ ត្រូវបានគេកត់សម្គាល់ថាជាសត្វផ្សោតទី​ ៤​ ហេីយ ដែលបានត្រូវគេប្រទះឃេីញស្លាប់តាំងពីខែមករា​ ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។