បុគ្គលម្នាក់ឈ្មោះ សេង តារា ត្រូវបានកាំកុងត្រូលខេត្តតាកែវ ដាក់ពាក្យប្ដឹងឡើងទៅតុលាការ បន្ទាប់ពីបានបើកអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយមួយកន្លែងនៅភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ក្រៅតែពីប្ដឹងបុគ្គលខាងលើនេះ កាំកុងត្រូលក៏បានព្រមានម្ចាស់អាជីវកម្ម៤កន្លែងទៀត ក្នុងស្រុក បាទីដែរ បន្ទាប់ពីមន្ត្រីបានចុះអប់រំណែនាំ អស់ជាច្រើនលើកច្រើនសារ ប៉ុន្ដែពួកគេនៅតែបន្តសកម្មភាពលួចលាក់ផលិតជារៀងរាល់ថ្ងៃ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បញ្ជាក់ថា«ជំហ៊ានដំបូង ខ្ញុំប្ដឹងម្នាក់សិន ព្រោះខ្ញុំបានប្រមូលភ័ស្ដុតាងបានគ្រប់គ្រាន់ និងដាក់ទៅសាលាដំបូងខេត្ត តាកែវ រួចហើយ និង ជំហានបន្តបន្ទាប់ ខ្ញុំគ្រោងនឹងប្ដឹងបន្ថែមទៀត ប្រសិនខ្ញុំរកភ័ស្ដុតាងឃើញថា ពួកគាត់នៅតែបន្តលួចផលិត»។

សូមបញ្ជាក់ថាការប្ដឹងម្ចាស់ទីតាំងផលិតស្ករត្នោត ធ្វើឡើងបន្ទាប់ពីអាជ្ញាធរ បានដាក់កម្លាំងសម្ងាត់ឃ្លាំមើលជាច្រើនថ្ងៃ។ យ៉ាងណាក៏ដោយការឆ្មក់បង្ក្រាបនេះ សមត្ថកិច្ចនៅតែអាចចាប់បុគ្គលឈ្មោះ សេង តារា បាន ព្រោះតែគេបានរត់គេចខ្លួនមុនបាត់ទៅហើយ៕