មន្ទីរ​ពាណិជ្ជកម្មខេត្តសៀមរាប ​គ្រោងបង្កើតផ្សារណាត់កសិករលក់បន្លែផ្លែឈើធម្មជាតិនៅចុង​ខែតុលា ខាងមុខនេះ ដើម្បីលើកតម្កើងនូវ គុណតម្លៃ នៃបន្លែផ្លែរឈើខ្មែរ។

​ផ្សារណាត់​ដែលមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប គ្រោងបង្កើតនោះ នឹងមានការដាក់​តាំង​លក់បន្លែ ធម្មជាតិ​នៅ​រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់។​ នេះជាការលើកឡើងរបស់ លោក​ ភឿន​ គឹមលី​ ប្រធានមន្ទីរពាណិជ្ជ​កម្ម​ខេត្ត​សៀមរាប ដែលត្រូវបានស្រង់ប្រសាសន៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិ AKP។ បើតាមលោក គឹមលី  មន្ទីរពាណិជ្ជកម្មកំពុងស្នើសុំទៅខេត្ត ដើម្បីជ្រើសរើសយកទីតាំងស្ថិតនៅក្បែររង្វង់ មូលវត្ត ដំណាក់ជាប់មាត់ស្ទឹងសៀមរាប​ ដើម្បីរៀបចំដាក់ឱ្យដំណើរការ​ផ្សារ​ណាត់កសិករនេះ។

លោកបន្តថា ផ្សារណាត់កសិករនេះ នូវរាល់បន្លែដែលយក​មកដាក់លក់ គឺជាបន្លែដែល​ដាំដោយកសិករនៅក្នុងខេត្តសៀមរាបផ្ទាល់ ហើយបន្លែរមានសុវត្ថិភាព​បំផុត។ បច្ចុប្បន្នមានកសិកដែលដាំបន្លែសុវត្ថិភាពចំនួន៤៣៨នាក់ នៅក្នុងស្រុកចំនួន៥ គឺស្រុកពួក ស្រុក​បន្ទាយស្រី ស្រុកសូទ្រនិគម ស្រុក​ប្រាសាទ​បាគង និងក្រុងសៀមរាប ហើយសម្រាប់ការបើកដំបូងគឺមានត្រឹមតែ១៥ស្តង់ប៉ុណ្ណោះ៕