មានវ័យទើបតែ ២៩ឆ្នាំប៉ុណ្ណោះ សឿង សុថារី បានក្លាយជានារីឆ្នើមម្នាក់ បង្កើត ធុងបរិស្ថានសំរាប់ផ្ទុកសំរាម ទទួលបានជោគជ័យ និងមានការគាំ ទ្រពីអ្នកប្រើ ប្រាស់យ៉ាងពេញទំហឹង។

អ្នកស្រី សឿង សុថារី គឺជាស្រ្តីខ្មែរម្នាក់មានគំនិតច្នៃប្រឌិត បង្កើតធុងសំរាមបរិស្ថាន ដើម្បីរួមចំណែកជួយសង្គម និងសំអាតបរិស្ថាន។ ធុងបរិស្ថានេះ បច្ចុប្បន្នមានការ គាំទ្រខ្លាំងពីអ្នកប្រើប្រាស់ជាពិសេសនៅតាមទីប្រជុំជន និងក្នុងរាជធានីភ្នំពេញ។

អ្នកស្រី គឺជាម្ចាស់សិប្បកម្មធុងបរិស្ថាន ដែលមានទីតាំងស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សុថារី បានលើកឡើងថា ធុងបរិស្ថាននេះ ផលិតចេញពីសំបករថយន្តចាស់ៗ ដែលគេលែងប្រើប្រាស់ យកមកកែច្នៃចេញជាធុងបរិស្ថានមានជើងទម្រ និងគម្រប ស្រស់ស្អាត និងទុកដាក់សំរាមបានយ៉ាងមានសណ្តាប់ធ្នាប់បំផុត។ ចំពោះតម្លៃវិញ ក្នុងធុងបរិស្ថាន១តម្លៃចាប់ពី ១០ម៉ឺនរៀល ឬស្មើនឹង ២៥ដុល្លារ និងមានសេវាដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញ។ ធុងបរិស្ថាននេះ មានគុណភាពអាចប្រើប្រាស់បានរយៈពេលពី ៨ឆ្នាំទៅ ១០ឆ្នាំ។

ធុងបរិស្ថាន បានរំលេចជាពណ៌ផ្សេងៗគ្នា តាមការកម្មង់ចង់បានរបស់អតិថិជន។ អ្នកស្រី សុថារី បានលើកឡើងថា«កាលអំឡុងភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបាន ទិញធុង បរិស្ថានយកទៅប្រគេនលោកយ៉ាងច្រើន ដើម្បីទុកដាក់សំរាមនៅក្នុងវត្ត»។ ​

លើសពីនេះទៀត ធុងបរិស្ថាន ដែលបង្កើតឡើងដោយដៃកូនខ្មែរនេះ បាននឹងកំពុងចរាចរណ៍នៅតាមរមនីយដ្ឋាននានា ទីសាធារណៈ ជាពិសេសមានការគាំទ្រខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ដោយសារតម្រូវការខ្ពស់ កម្លាំងផលិតនៅទាប អ្នកស្រី សឿង សុថារី គ្រោងពង្រីកទីតាំងបន្ថែមទៀត ដែលមានកម្លាំងពលកម្មជិត ២០នាក់ និងមានបីសាខា មាននៅខេត្តសៀមរាប កំពង់ចាម ស្រុកមុខកំពូល និងស្តុកធំនៅរាជធានីភ្នំពេញ។

សិប្បកម្មផលិតធុងបរិស្ថាននេះ មិនត្រឹមតែជួយសំអាតបរិស្ថានសង្គមប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកផ្តល់ការងារដល់ពលរដ្ឋផងដែរ។

បច្ចុប្បន្នអ្នកស្រី សុថារី កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក Management Development នៅសាកលវិទ្យាល័យន័រតុន។

ក្រៅពីគ្រប់គ្រងសិប្បកម្មធុងបរិស្ថាន អ្នកស្រី ក៏មានការងារពីរកន្លែងផ្សេងទៀត គឺធ្វើការនៅក្រុមហ៊ុនទូរស័ព្ទចល័តមួយ និងក្រុមហ៊ុនអចលនទ្រព្យផងដែរ។

បើទោះជាបរាជ័យក្នុងរឿងស្នេហាក៏ពិតមែន ប៉ុន្តែ សុថារី ជោគជ័យក្នុងអាជីពជំនួញ និងការងារយ៉ាងត្រចះត្រចង់៕

អត្ថបទ៖ សាវតា