បុរសវ័យក្មេងម្នាក់បានសួរទៅកំពូលទស្សវិទូសូក្រាត អំពីភាពជោគជ័យ។ សូក្រាត បានប្រាប់ទៅបុរសវ័យក្មេងនោះ ឲ្យជួបគាត់នៅមាត់ទន្លេនៅព្រឹកស្អែក។ ពេលជួបគ្នា សូក្រាត បាននាំបុរសនោះចុះទៅក្នុងទឹកទន្លេ។

ពួកគាត់បានចុះកាត់តែជ្រៅទៅៗ រហូតកម្ពស់ទឹកត្រឹមក ហើយសូក្រាត បានចាប់​បុរសនោះជ្រមុជចូលក្នុងទឹក។ បុរសនោះ ព្យាយាមរើខ្លួនចេញពីទឹក ប៉ុន្តែដោយ​សារសូក្រាត មានកម្លាំងខ្លាំងជាង ទើបបុរសវ័យក្មេងនោះ មិនអាចរើខ្លួនរួចឡើយ។ មើលទៅជាទំនងបុរសនោះជិតដាច់ខ្យល់ សូក្រាត ក៏ព្រលែងដៃបន្តិច ហើយបុរសវ័យ​ក្មេងអាចងើបឡើងបាន។

ក្រោយផុតពីទឹក បុរសនោះព្យាយាមដកដង្ហើមវែងៗ ដើម្បីស្រូបយកខ្យល់។ សូក្រាត បានសួរថា «តើអ្វីដែលអ្នកចង់បានជាងគេនៅពេលនេះ?» បុរសនោះឆ្លើយ «ខ្យល់»។ លឺបែបនេះហើយ សូក្រាត ក៏វាចាបន្ត« នេះហើយគឺជាអាថ៌កំបាំងនៃជោគជ័យ»។

នៅពេលដែលអ្នកចង់បានជោគជ័យខ្លាំង ដូចជាអ្នកចង់បានខ្យល់ នោះអ្នកនឹងអាច​ទទួលបានវា។ គ្មានអាថ៌កំបាំងអ្វីក្រៅពីនេះឡើយ។

គ្រឿងដែលលើកទឹកចិត្ត ដើម្បីទទួលបានជោគជ័យ កើតចេញពីការកំណត់គោលដៅ ឬគោលបំណងដ៏ជាក់លាក់មួយ។ ណាប៉ូឡេអុងហ៊ីល បាននិយាយថា «នៅពេលដែល​ចិត្តមនុស្សអាចគិតស្រមៃជាមួយភាពជឿជាក់ នោះគេនឹងសម្រេចបានជាមិនខាន»។

ការកំណត់គោលដៅ ឬដើរដោយមានគោលដៅ គឺជាចំណុចចាប់ផ្តើមនៃរាល់​ភាព​ជោគជ័យទាំងអស់។ ភ្លើងតិច មិនអាចបញ្ចេញកំដៅខ្លាំងបានឡើយ ដូចគ្នានឹង​បំណង​មិនខ្លាំងក្លា ក៏មិនអាចទទួលបានលទ្ធផលដ៏អស្ចាចារ្យបានឡើយ៕

អត្ថបទ៖ សាវតា