មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង កាលពីថ្ងៃម្សិលមិញ បានយកសាច់មាន់ខូចគុណភាពជាង១តោន៥០គីឡូ និងនំខូចគុណភាពជាច្រើនប្រភេទសរុបជាង៥០គីឡូក្រាម ទៅដុតចោលភ្លាមៗ ក្រោយចាប់បានពីក្រុមអ្នកដឹកញ្ជូនតាមរទេស ពីប្រទេសថៃចូលដែនដីកម្ពុជា។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា សាច់មាន់ ដែលខូចគុណភាពទាំងនោះ មានស្លាបមាន់ ជើងមាន់ និងឆ្អឹងមាន់ ដែលសុទ្ធតែជាអាហារពេញនិយម សម្រាប់អ្នកចូលចិត្តទទួលទានអាហារនៅតាមដងផ្លូវ។

សូមបញ្ជាក់ថាបច្ចុប្បន្ន សុវត្ថិភាពចំណីអាហារបានក្លាយជាប្រធានបទក្ដៅនៅក្នុងសង្គមកម្ពុជា ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋបានទទួលទានចំណីអាហារទាំងប្រថុយប្រថាន៕