ក្រសួងសុខាភិបាល ប្រកាសបង្កើនវិធានការណ៍ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីទប់ស្កាត់នូវហានិភ័យសុខភាពដល់ប្រជាពលរដ្ឋកម្ពុជា ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រសួង បានសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងឱសថអន់គុណភាពនៅក្នុងតំបន់ និងនៅក្នុងប្រទេស សំដៅរក្សាសុវត្ថិភាព នៃការប្រើប្រាស់ផលិតផលឱសថជូនប្រជាជន ។

ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញកាលពីថ្ងៃទី ៥ វិច្ឆិកា លោករដ្ឋមន្រ្តីបញ្ជាក់ថា  ក្រសួងសុខាភិបាលបាននិងកំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុតនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលនិងអនុវត្តនូវផែនការយុទ្ធសាស្រ្តសុខាភិបាល ២០១៦ ដល់២០២០ ព្រមទាំងផែនការអនុវត្តរួមគ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមលោករដ្ឋមន្រ្តី ដើម្បីប្រយុទ្ធប្រឆំាងឱសថក្លែងក្លាយគ្មានគុណភាពរាជរដ្ឋាភិបាលមានយន្តការ សំខាន់រួមមាន៖ បង្កើតច្បាប់ស្តីពីការគ្រប់គ្រងឱសថ ការត្រួតពិនិត្យលើការផលិតក្នុងស្រុក ការនាំចូល និងចែកចាយឱសថ ការចុះត្រួតពិនិត្យជាប្រចាំនៅតាមឃ្លាំងឱសថ រោងចក្រផលិតឱសថ ឱសថស្ថាន ការចុះធ្វើការស្រាវជ្រាវ និងវិភាគគុណភាពផលិតផលឱសថលើទីផ្សារជាប្រចាំ។បន្ថែមពីនេះទៀត លោកថា ក្រសួងកំពុងតែខិតខំលុបបំបាត់ការលក់ផលិតផលតាម online ដែលមួយចំនួនជាផលិតផលគ្មានប្រភពច្បាស់លាស់ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល អាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព ។