នៅចុងខែវិច្ឆិការ​និងដើមខែធ្នូ​នេះ​ មានការកើនឡើងនៃករណីជំងឺគ្រុនឈាមលើកុមារ​ និងមនុស្សធំ។ នេះបើតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ​នៃក្រសួងសុខភិបាល។

សេចក្តីជូនដំណឹងរបស់នាយករដ្ឋាននេះ​ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួ បញ្ជាក់ថា មូលហេតុដែលជំងឺគ្រុនឈាមកើនឡើង ពីព្រោះឆ្នាំនេះ ជាខួបកើនឡើងនៃជំងឺគ្រុនឈាមរៀងរាល់ ៤ ទៅ ៥ឆ្នាំម្តង។  ឆ្លើយតបនឹងបញ្ហានេះ កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈាម​ក្រសួងសុខាភិបាល​ និងបណ្តារមន្ទីរសុខាភិបាល​ ខេត្ត​ រាជធានី បានចាត់វិធានបាញ់ថ្នាំសំលាប់មូសខ្លា និងបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម និងអប់រំសុខភាព​ ។

ដូច្នេះដើម្បីបង្ការកុំឲ្យផ្ទុះជំងឺគ្រុនឈាមក្នុងតំបន់បងប្អូនរស់នៅ ក្រសួងបានអំពាវនាវឲ្យប្រជាជន ចូលរួមទាំងអស់ក្នុងការបំបាត់ជំរកដង្កូវទឹក ក្នុងផ្ទះ ជុំវិញផ្ទះបងប្អូន ទីសាធារណៈនានានិងក្នុងអាងស្តកទឹក​នៅក្នុងវត្តអារាម ការពារកូនកុំឲ្យមូសខាំដោយពាក់ខោអាវគ្របជិតខ្លួនកូន ពាក់ស្រោមជើង​ គេងក្នុងមុងជានិច្ចទាំងពេលថ្ងៃនិងពេលយប់ ។

ក្រសួងអំពាវនាវបែបនេះទៀតថា៖«សូមបងប្អូននាំកូនទៅមន្ទីរពេទ្យជាបន្ទាន់បើឃើញកូនក្តៅខ្លួនខ្លាំង ផ្តល់ថ្នាំមិនចុះកំដៅ​ ឬសង្ស័យថាមានជំងឺគ្រុនឈាម ។ រោគសញ្ញាជំងឺគ្រុនឈាមរួមមាន គ្រុនក្តៅ ខ្លាំង​ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត​ និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម ។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានរស់នៅរបស់បងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាលនៅជិតបងប្អូនបំផុតជាបន្ទាន់​ ឫរាយការណ៏តាមលេខទូរស័ព្ទ ១១៥ ដោយមិនគិតថ្លៃពីគ្រប់ប្រព័ន្ធ ដើម្បីឲ្យមន្ត្រីជំនាញចុះឆ្លើយតបជាបន្ទាន់»៕