
ភ្នំពេញ៖សិស្សថ្នាក់ទី១២នៅក្នុងរាជធានីភ្នំពេញមួយចំនួនលើកឡើងថា ការបិទសាលារៀនអស់រយៈពេលជាច្រើនខែដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យពួកគេប្រឈមនឹងការលំបាកមួយចំនួន ក្នុងការសិក្សាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រនាពេលខាងមុខនេះ។
សិស្សថ្នាក់ទី១២នៃវិទ្យាល័យបឹងត្របែកឈ្មោះ បេត សុខនារតី បានលើកឡើងថា ថ្វីត្បិតត្រូវ ចំណាយពេលរៀនក្រៅសាលាជាច្រើនខែដោយសារមេរោគរាត្បាតកូវីដ១៩ រួមទាំងការបិទសាលាមួយរយៈពេលខ្លីម្ដងទៀត គឺបណ្ដាលឲ្យមានផលប៉ះពាល់បន្តិចបន្ទួចមកលើការសិក្សារបស់នាងប៉ុណ្ណោះ ប៉ុន្តែនាងចាត់ទុកការប្រឡងនាពេលខាងមុខនេះ គឺការប្រឡងដ៏មានតម្លៃមួយជាងឆ្នាំឯទៀតៗ។
សុខនារតី បាននិយាយថា៖«សញ្ញាបត្រវាមានតម្លៃ ព្រោះអីយើងរៀនឈប់ៗ រៀនបិទសាលា ហើយឥឡូវទើបតែបើកបានពីថ្ងៃហ្នឹងសម្រាប់អ្នកភ្នំពេញ»។
ចំណែកសិស្សថ្នាក់ទី១២ម្នាក់ទៀតឈ្មោះ សារឿន សុវណ្ណរ៉ា បានលើកឡើងថា សញ្ញាបត្របាក់ឌុបដែលប្រឡងក្នុងឆ្នាំកូវីដ១៩នេះ គួរត្រូវបានឱ្យតម្លៃ ពីព្រោះគឺជាឆ្នាំសិក្សាដ៏លំបាកមួយសម្រាប់សិស្សទី១២។ សិស្សរូបនេះបានបន្តថា រយៈពេលរៀនតាមប្រព័ន្ធអនឡាញ គឺខ្លួនបានរៀនពេញលេញ និងបានត្រៀមបែងចែកមុខវិជ្ជានីមួយៗសម្រាប់ប្រឡង។
សុវណ្ណរ៉ា បាននិយាយថា៖«ខ្ញុំមានអារម្មណ៌អន់ចិត្តបន្តិចដែរ ព្រោះសញ្ញាបត្រហ្នឹងជាសញ្ញាបត្ររបស់ខ្ញុំផ្ទាល់ និងជាឆ្នាំដ៏លំបាកក្នុងប្រវត្តិសាស្រ្ត។ ព្រោះដើមឆ្នាំយើងរៀនបានពេញលេញ តែដោយសារកូវីដយើងត្រូវបិទសាលា ហើយចូលមកវិញវាអត់សូវទៀងទាត់ ហើយត្រូវបិទសាលាជាលើកទី២ទៀត»។
ចំណែកសិស្សថ្នាក់ទី១២ម្នាក់ទៀតបានរៀបរាប់ថា ការសិក្សាតាមអនឡាញមានផលលំបាកជាងរៀនក្នុងថ្នាក់ ប៉ុន្តែសិស្សរូបនេះបានអះអាងថា ខ្លួនរៀនបានពេញលេញតាមមុខវិជ្ជាដែលគ្រូបង្រៀន។
គឹមស៊្រា បាននិយាយថា៖«ខ្ញុំគិតថារៀនតាមអនឡាញពិបាក ព្រោះអីយើងអត់បានសួរគ្រូដិតដល់ដូចរៀនផ្ទាល់ ហើយសម័យដែលខ្ញុំប្រឡងគឺវាបាកខ្លាំង ព្រោះអីបិទសាលារហូតដល់ពីរដង។ អ៊ីចឹងវាពិបាក! ហើយបើគេអត់ទទួលស្គាល់ទៀត(សញ្ញាបត្រ)មានអារម្មណ៌ថាអន់ចិត្ត»។
កាលពីថ្ងៃទី១៩ វិច្ឆិកា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សញ្ញាបត្រប្រឡងក្នុងសម័យកូវីដនឹងមិនត្រូវបានរើសអើងឡើយ។ លោកបញ្ជាក់ថា ថ្វីត្បិតសាលាត្រូវបានបិទអស់ជាច្រើនខែ ប៉ុន្តែក្រសួងបានទុកពេលវេលាបន្ថែមគ្រប់គ្រាន់ដើម្បីឱ្យសិស្សបានរៀនចប់តាមកម្មវិធីសិក្សា ដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឡងខាងមុខនេះ។
លោកថា៖«សារមួយសំខាន់របស់ខ្ញុំចង់ផ្តាំទៅប្អូនៗសិស្សានុសិស្សថា យើងមិនចង់ឲ្យមានការរើសអើងរវាងសិញ្ញាបត្រក្នុងឆ្នាំកូវីដនិងឆ្នាំមុនពេលកូវីដនោះទេ ។ ដូច្នេះ! ខ្ញុំសូមឲ្យគ្រឹះស្ថានអប់រំទាំងអស់អនុវត្តកម្មវិធីសិក្សាឲ្យបានពេញលេញ ហើយយើងក៏បានផ្ដល់រយៈពេល៣បន្ថែមទៀតដើម្បីឱ្យពួកគាត់រៀនបន្ថែមទៀត។ ប្រសិនបើក្នុងរយៈពេល៣ខែនេះ សិស្សបានរៀនម៉ត់ចត់និងម៉ឺងម៉ាត់ បូកនឹងការរៀននៅអនឡាញទៀត។ អ៊ីចឹង!គឺមានពេលគ្រប់គ្រាន់ដើម្បីមានសមត្ថភាពប្រឡងបាន។ អ្វីដែលយើងផ្ដល់ជូនពេលវេលាសិក្សាបន្ថែមនេះ គឺគ្រប់គ្រាន់សម្រាប់សិស្សក្នុងការរៀន»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងធ្វើឡើងនៅថ្ងៃទី២១ធ្នូ ខាងមុខនេះ ខណៈរដ្ឋមន្រ្តីក្រសួងអប់រំបានអះអាងថា ការប្រឡងក្នុងឆ្នាំសម័យកូវីដនេះ នៅតែរឹតបន្តឹងដូចរាល់ឆ្នាំ៕