
ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ មានចំនួនប្រមាណ៥០ដើម និង មានអាយុកាលជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំណោមដើមឈើធំៗទាំងនោះ អាជ្ញាធរ រាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់៣ដើម យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។
ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។ នេះបើតាមការបញ្ជាក់របស់លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹក ជញ្ជូនរាជធានីភ្នំពេញ ប្រាប់AKP កាលពីម្សិលមិញ។
ចំណែកដើមឈើដែលនៅសល់ អង្គភាពរបស់លោកនឹងលះមែកចេញផងដែរ ដើម្បីកាត់ បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការលើកសោភណភាពក្នុងរាជធានីភ្នំពេញឱ្យកាន់តែមាន ភាពស្រស់បំព្រងផងដែរ។
លោក សំ សាមុត បានបន្ថែមថា សម្រាប់ដើមឈឺនៅរមណីយដ្ឋានវត្តភ្នំវិញ គឺមានដើមឈើសរុបប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនគឺមាន អាយុកាលជាង៥០០ឆ្នាំមកហើយ ក្រោមការមើលថែទាំជាប្រចាំពីអាជ្ញាធររាជធានីភ្នំពេញ៕
