លោកសាស្រ្តាចារ្យ Takeshi Nakagawa នៅខាងឆ្វេង

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានរៀបចំពិធី ប្រគល់លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ជូនចំពោះ លោកសាស្រ្តាចារ្យTakeshi Nakagawa ដែលជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA)។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលសារព័ត៌មានខ្មែរណាស់ទទួលបាន។ 

បើតាមសេចក្តីប្រកាសព័ត៌មានដដែល លិខិតសរសើរនេះ ត្រូវបានប្រគល់ជូន លោកសាស្រ្តាចារ្យនៅថ្ងៃទី ៣ ខែធ្នូ ចំពោះការចូលរួមចំណែកទៅលើការថែរក្សាការពារបេតិកភណ្ឌកម្ពុជាការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។

លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យ កិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុមរាជរដ្ឋាភិបាល ជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤និង បាន  អនុវត្តនូវគម្រោង​អភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។

ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុល ប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះJASA ហើយតាមរយៈ គម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប។លោកសាស្រា្តចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃគុកផងដែរ។