សាលានៅតាមព្រំដែនប្រហែល២៦ទីតាំង នៅមិនទាន់អាចឱ្យសិស្សចូលរៀនតាមការកំណត់របស់ក្រសួងអប់រំនៅថ្ងៃទី១១មករានេះទេ ដោយសារកំពុងជាប់ធ្វើជាមណ្ឌល ចត្តា ឡីស័កឱ្យពលករមកពីថៃ ប៉ុន្តែសិស្សនៅក្នុងសាលារៀនទាំងនោះ ខ្លះត្រូវរៀនពីចម្ងាយ និងបញ្ជូនឱ្យទៅរៀននៅទីតាំងផ្សេងជាបណ្ដោះអាសន្ន។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃនេះថា អជ្ញាធរខេត្ត បានរៀបចំបើកបវេសនកាលនៅថ្ងៃទី១១មករាតាមការកំណត់របស់ក្រសួងអប់រំ ចំពោះ​តែសាលា​ណាដែលមិនបានយកធ្វើជាមណ្ឌលចត្តាឡីស័ក។ ដោយឡែក សាលាដែលបានធ្វើជាមណ្ឌលចត្កាឡីស័ក មិនអនុញ្ញាតឲ្យបើកបវេសនកាលឱ្យសិស្សចូលរៀនឡើយ រហូតដល់ស្ថានភាពកូវីដ១៩នៅតាមព្រំដែនថមថយសិន ឬលែងមានពលករខ្មែរត្រលប់មកពីប្រទេសថៃទៀត។

លោកថ្លែងដូច្នេះថា៖«នៅក្នុងខេត្តបន្ទាយមានជ័យ អាជ្ញាធរថ្នាក់ខេត្តបានរៀបចំសាលាចំនួន៦ទីតាំងសម្រាប់ធ្វើជាចត្តាឡីស័ក ក្នុង៦សាលានេះ ខ្ញុំពុំមានទិន្នន័យចំនួនសិស្សសរុបទេ តែខ្ទង់រាប់ពាន់នាក់»។

លោកបន្ថែមថា សិស្សនៅក្នុងសាលាទាំង៦នោះ មន្ទីរអប់រំខេត្តមិនទាន់អនុញ្ញាតឲ្យសិស្សានុសិស្សចូលរៀនផ្ទាល់ទេ ដោយត្រូវរៀនពីចម្ងាយ ក៏ប៉ុន្តែសិស្សដែលរៀន​ថា្នក់​ទី​៩និងទី១២ ដែលត្រូវប្រឡងថ្នាក់

ជាតិ គឺអជ្ញាធរបានផ្លាស់ប្តូរពួកគាត់ទៅរៀននៅសាលាផ្សេងមួយទៀត ដែលត្រូវបានរៀនចំដោយខេត្តពីព្រោះពួកគេជាសិស្សកម្រិតដែលត្រូវប្រឡងថ្នាក់ជាតិក្នុងឆ្នាំសិក្សា​២០២១-២០២២នេះ។

ចំណែកលោក ឌី រ៉ាបូ អភិបាលរងខេត្តឧត្តរមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី ១១ មករាថា នៅថ្ងៃបើកបវេសនកាលដំបូងក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ខេត្ត​មានសាលាចំនួន១១មិនអាចបើកបវេសនកាលបាន ដោយសារត្រូវបានជ្រើស​រើស​យកធ្វើជាមណ្ឌលចត្តាឡីស័ក។

លោកបន្តថា សិស្សជាង១ម៉ឺននាក់នៅក្នុងសាលារៀនទាំង១១នេះ បានជ្រើសរើសទីតាំងសាលាមួយផ្សេងទៀត ដើម្បីធ្វើពិធីបើកបវេសនកាល ដែលរៀបចំឡើងដោយរក្សាគម្លាតសុវត្ថិភាពពីគ្នា ហើយពួកគេ នឹងត្រូវរៀនតាមការសិក្សាពីសម្ងាយ មិនអាចមកសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់នោះទេ។



លោកថា៖«ដោយសារតែស្ថានការកូវីដ១៩ នៅក្នុងខេត្តផ្ទាល់ ដូច្នេះហើយ យើងត្រូវតែធ្វើបែបនេះ ដើម្បីសុវត្ថិភាពដល់សិស្សានុសិស្សទាំងអស់»។

មន្រ្តីរូបនេះបញ្ជាក់ទៀតថា ខេត្តឧត្តរមានជ័យនៅតែមានពលករខ្មែរដែលបានវិលត្រលប់មកពីប្រទេសថៃជាហូរហែរដដែល។

លោក ងួន រតនះ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ដែរថា មកទល់ពេលបច្ចប្បន្ន អាគារសាលាចំនួន ១០ បានជ្រើសយកធ្វើជាមណ្ឌលចត្តាឡីស័ក ប៉ុន្តែក្នុងចំណោមសាលាទាំង១០នោះ មានសាលាចំនួនមួយកន្លែងបានអនុញ្ញាតឲ្យសិស្សចូលរៀន គឺវិទ្យាល័យមុនីក្រុងបាត់ដំបង បន្ទាប់ពីវិទ្យាល័យនេះ បានផុតកំណត់យកធ្វើជាមណ្ឌលចត្តាឡីស័ក ហើយ​មានការលាងសម្អាតអនាម័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្ថែមថា សាលាចំនួន៩ ដែលបានយកធ្វើចត្តាឡីស័ក នឹងអាចអនុញ្ញាតឲ្យសិស្សចូលរៀនវិញឆាប់ៗនេះ ពីព្រោះសាលាទាំងនោះនឹងផុតកំណត់យកធ្វើចត្តាឡីស័កអំឡុងខែមករានេះ។

លោកថា៖«ដោយឡែកវិទ្យាល័យថ្មគោល នឹងផុតកំណត់យកធ្វើជាមណ្ឌលចត្តាឡីស័កនៅថ្ងៃទី១៣ មករាខាងមុខ និងបណ្តាសាលាមួយចំនួនទៀតនឹងផុតនៅថ្ងៃទី២០មករា»។

ប៉ៃលិនជាខេត្តស្ថិតនៅតាមព្រំដែនខ្មែរថៃ គឺពុំមានសាលារៀនណាមួយ ត្រូវឱ្យសិស្សសិក្សាពីចម្ងាយនោះទេ ដោយសារកន្លងមក អាជ្ញាធរខេត្តនេះពុំបានជ្រើសយកទីទាំងសាលារៀនធ្វើជាមណ្ឌលចត្តាឡីស័ក ហើយពលករវិលពីថៃត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្ត។ នេះបើតាមការអះអាងពីលោកស្រី បាន ស្រីមុំ អភិបាលខេត្ត។

ក្រសួងអប់រំ បានប្រកាសឱ្យគ្រឹះស្ថានសិក្សានៅបណ្តាខេត្តតាមព្រំដែនខ្មែរថៃ ត្រូវវាយតម្លៃពីស្ថានភាពកូវីដ១៩ ហើយត្រូវស្នើរសុំមកក្រសួងអប់រំដើម្បីបើកសាលាឡើងវិញ ឬមិនអាចបើកសាលាវិញបាន៕