សាលាបឋសិក្សាមានស្ទើគ្រប់ភូមិក្នុងប្រទេសកម្ពុជា ប៉ុន្តែសាលាបឋមដែលតម្រូវឲ្យសិ្សត្រូវតែលាងដៃ និងដោះស្បែកជើងទុកជាដាច់ខាតមុនចូលរៀននោះ ទំនងជាមានមិនច្រើនឡើយយ។ បើមាន គឺមាននៅសាលាបឋមសិក្សាឃ្លាំង ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រែវែង។

 នៅពេលចូលដល់ក្នុងបរិវេណសាលា គេសង្កេតឃើញនៅមុខកាំជណ្ដើរនៃថ្នាក់រៀន មានសុទ្ធតែស្បែកជើងចម្រុះពណ៌ ថ្មីចាស់ ដាក់តម្រៀបគ្នា ហើយនៅក្បែរនោះ មានចានដែកធំគួរសមមួយ ក៏ត្រូវបានគេដាក់ទឹកទុកសម្រាប់ឲ្យសិស្សលាងសម្អាតដៃ មុន និងក្រោយចូល ឬចេញពីថ្នាក់រៀនដែរ។

មើលទៅហាក់ដូចជារៀងប្លែកបន្តិច ប៉ុន្តែវាក្លាយជារឿងសាមញ្ញទៅហើយ សម្រាប់សិស្សគ្រប់គ្នានៅទីនោះ។ ពួកគេពេញចិត្តនឹងការអនុវត្តគោលការណ៍នេះ ព្រោះគេដឹងច្បាស់ថាប្រសិនបើពាក់ស្បែកជើងចូលថ្នាក់រៀន នោះថ្នាក់រៀនរបស់ពួកគេនឹងមិនស្អាត។

លោកនាយកសាលាបឋមសិក្សានេះ ក៏បានថ្លែងឲ្យដឹងថាវិន័យនេះ គឺដើម្បីឲ្យសិស្សស្រលាញ់ថ្នាក់រៀន និងមានអនាម័យ។ លោកថាសិស្សទាំងអស់មានស្មារតីគោរពគោលការណ៍នេះ ហើយពួកគេមិនដែលភ្លាំងភ្លាត់ពាក់ស្បែកជើងចូលថ្នាក់ម្ដងណាឡើយ៕