ភ្នំពេញ៖ ទំនងនៅមិនយូរទៀតទេ តំបន់ប៉ែកខាងត្បូងរាជនីភ្នំពេញ នឹងក្លាយជា​ទីក្រុងប៉ារីសនៅកម្ពុជា បន្ទាប់ពីមានការសម្រេចគម្រោង​សិក្សារវាងសាលា​ក្រុងភ្នំពេញ និងដៃគូអភិវឌ្ឍន៍មកពីទីក្រុងប៉ារីស។

រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយទីក្រុងប៉ារីស ប្រទេសបារំាងបើកសិក្ខា សាលាបច្ចេកទេសស្តីពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោង​សិក្សា កែលម្អតីរវិថីព្រះស៊ីសុវត្ថិឱ្យបានល្អប្រសើរ ទៅតាមកំណើនប្រជាជន​ទីក្រុង​បង្កលក្ខណៈឱ្យ ពួកគាត់រស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩។

សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហការទ្វេភាគីលើវិស័យនគរូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈអនាម័យ បរិស្ថាន និងសោភណភាព ទីក្រុង​ដើម្បី ឆ្លើយតបទៅនឹងគោលការនគរូបនីយបញ្ញាតិ​និងភាពរីកចម្រើនយ៉ាង​ឆាប់រហ័ស របស់ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង  អភិបាលក្រុងភ្នំពេញ បានថ្លែងថា ការសិក្សាបច្ចេកទេស​នេះគឺធ្វើ​ឡើង បន្តពីការសិក្សាដែលរដ្ឋបាលរាជធានីភ្នំពេញបាន​ធ្វើឡើង​អស់រយៈពេលជាង​២ឆ្នាំមកហើយ។ សិក្ខាសាលានេះក្នុងគោលបំណងរកដំណោះស្រាយ​ល្អពីអាជ្ញាធរ​មូលដ្ឋាន ដើម្បីចូលរួមផ្ដល់មតិ យោបល់បទពិសោធន៍បំពេញបន្ថែមផ្នែក​បច្ចេកទេស​និងគោលការណ៍ច្បាប់ដែលត្រូវលើកយកមកពិភាក្សាមុននឹងយកទៅអនុវត្ដន៍បន្ដ៕

អត្ថបទ៖ ខ្មែរណាស់