ក្នុងឱកាសទិវាពិភពផែនដីនេះ សារព័ត៌មានខ្មែរណាស់ សូមចុះផ្សាយនូវអត្ថបទ​ទាំងស្រុង ដែលសរសេរដោយ លោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតស្ថានទូត​សហរដ្ឋ​អាមេរិកប្រចាំនៅកម្ពុជា។  អត្ថបទរបស់លោកទូត គឺផ្តោត​សំខាន់ទៅ​លើ«ទិវាភព​ផែនដី និង​ភាព​ជាដៃគូ ក្នុងការការពារសម្បត្តិធម្មជាតិ​របស់ព្រះរាជា​ណាចក្រ​កម្ពុជា»។ សូមអាននូវសំណេររបស់លោកទូតខាងក្រោម៖​

ដោយលោក W. Patrick Murphy ឯកអគ្គរដ្ឋ​ទូតស្ថានទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្ងៃ​ទី ២២ ខែមេសា ឆ្នាំ ២០២០ ទិវាភព​ផែនដី និង​ភាព​ជាដៃគូ ក្នុងការការពារសម្បត្តិធម្មជាតិ​របស់ព្រះរាជា​ណាចក្រ​កម្ពុជា​។

ថ្ងៃនេះគឺជាខួបលើកទី ៥០ នៃទិវាភពផែនដី ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំ​ឡើង​ នៅ​ទូទាំង​ពិភពលោក ដើម្បីសម្តែងឲ្យឃើញពីការគាំទ្រចំពោះកិច្ចការពារបរិស្ថាន។

 នៅថ្ងៃទិវាភព​ផែនដីលើកដំបូង គឺថ្ងៃទី ២២ មេសា ឆ្នាំ ១៩៧០ ពលរដ្ឋអាមេរិករាប់​លាននាក់​ បាន​ចូលរួម​ក្នុ​ងការជួបជុំគ្នា នៅតាមទីក្រុងតូចធំ ទូទាំងសហរដ្ឋអាមេរិក។ ដើម្បី​​បង្កើត​នូវ​ចលនា​ការពារ​​​បរិស្ថានទំនើប អ្នកផ្តួចផ្តើមឲ្យមានទិវាភពផែនដី ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ជោគជ័យ ចំពោះការអនុវត្តដែលគ្មាន​និរន្តរភាព​ ដែល​បាន​បំពុល​ខ្យល់ ​ទន្លេ ​និង​បឹង​របស់​យើង។ ខ្ញុំចាំ​បាន​ថា​ជាក្មេង​សិស្សសាលា​​ម្នាក់ ដែលបំផុស​ស្មារតី​ទិវាភព​ផែនដី​ជាលើកដំបូង បាន​​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់រួមរបស់យើង ចំពោះភាពផុយ​ស្រួយ ​និង​សារសំខាន់​នៃ​ប្រព័ន្ធ​អេកូ​ឡូស៊ី​របស់យើង។

 នៅឆ្នាំក្រោយៗ​មក ក្រោយមានកំណើតនៃចលនាទិវា​ភព​ផែនដីនេះ ​​សហរដ្ឋអាមេរិក បានអនុម័ត ច្បាប់សំខាន់មួយ ដើម្បីការពារខ្យល់ ទឹក និងប្រភេទធនធាន​ដែលជិត​ផុតពូជ។ ខណៈកិច្ច​ខិតខំ​ប្រឹង​ប្រឹង​ប្រែងទាំងនេះ​នៅ​បន្ត​ យើង​មានមោទកភាព ដែលចលនានេះ​បាន​វិវត្ត​ទៅ​ជា​បាតុភូត​ពិភព​លោក។ ជាង១៩៣​ប្រទេស នៅ​ឆ្នាំនេះ នឹង​ធ្វើការ​ប្រារព្ធ ទិវាភព​ផែនដី​ និង​ប្តេជ្ញាចិត្តឡើងវិញ  ក្នុងការ​ផ្លាស់ប្តូ​រ​នូវឥរិយាប​ថរបស់​មនុស្ស និង​គោល​នយោបាយ​ដែល​ត្រូវការ​ ដើម្បី​ធានា​នូវការ​ប្រើ​ប្រាស់​ប្រកប​ដោយនិរន្ត​ភាព នៃ​ធនធាន​ធម្មជាតិ​របស់​យើង​។

នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិកមានប្រពៃណីយូរមកហើយ ក្នុងការធ្វើកិច្ច​សហប្រ​តិបត្តិការ​ជាមួយ​ដៃគូ ពាក់​ព័ន្ធ​ក្នុងស្រុក ដើម្បី​ការពារ​ព្រៃឈើ ទន្លេ និង សត្វព្រៃ ដ៏គួរឲ្យចាប់ចិត្តរបស់ ប្រទេសកម្ពុជា។ សហរដ្ឋ​អាមេរិក គាំទ្រ​​គម្រោងកំពុងអនុវត្ត​​ ដើម្បីពង្រឹង​ច្បាប់​​បរិស្ថាន ការពារ​ធនធាន​ជលផល​ បញ្ឈប់​ការ​ជួញដូរសត្វព្រៃ និងការពារធនធានដែលជិតផុតពូជ​ ។ ដៃគូរបស់យើង​ រួម​មាន​ ក្រសួង​បរិស្ថាន​ និងស្ថាប័នក្នុង​រាជ​រដ្ឋាភិបាល​ដទៃ​ទៀត អង្គការ​សង្គម​ស៊ីវិល​ អង្គការ​អភិរក្ស​អន្តរជាតិ​​នានា​ និង​សហគមន៍​​ក្នុងស្រុក។



តាំងពីឆ្នាំ ២០០៨ មក ស្ថាន​ទូតសហរដ្ឋ​អាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក​(USAID) បាន​ធ្វើ​កា​រចំណាយថវិកា​ចំនួនជាង ៩០ លាន​ដុល្លា ក្នុងការជួយគាំទ្រការ​គ្រប់គ្រងធនធានធម្មជាតិ ​របស់ប្រទេសកម្ពុជា។ កម្មវិធីទាំង​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការការពារប្រភេទសត្វ​​ដែលជិត ផុត​ពូជ​ ដូចជា​សត្វ​ដំរី​ និង​សត្វស្លាប​ជាតិ​ គឺសត្វ​ត្រយ៉ងយក្ស​ ជួយដល់​ការកាត់បន្ថយ​ការ កាប់​ព្រៃ​ឈើ​ និង​លើកកម្ពស់​ជីវ​ភាព​ របស់​សហគមន៍​ក្នុងតំបន់ព្រៃនិង​ជុំ​វិញ។​

ភាព​ជា​ដៃគូការងារ​បរិស្ថាន​របស់​យើង​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​កំណត់​ជា​ផ្លូ​វការ​នូវ​ ដែន​ជម្រក​​​អភិរក្សសត្វ​ព្រៃ​នៅព្រៃ​ឡង់​ និង​ជួយ​ដល់​សហគមន៍​ក្នុងស្រុក​ ឲ្យក្លាយ​ជា​អ្នក​ពាក់ព័ន្ធ​បន្ថែម​ទៀត​​ក្នុងការ​សម្រេចចិត្តលើការ​​គ្រប់​គ្រងព្រៃឈើ។​ សព្វថ្ងៃនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID ជួយគាំទ្រ​​ដល់​គំនិត​ផ្តួច​ផ្តើមកម្មវិធី​អភិរក្សជាច្រើន នៅក្នុង​ខេត្តមណ្ឌលគីរី និងតំបន់ព្រៃឡង់ ដែលមានទេសភាព​លាតសន្ធឹង ក្នុងខេត្តព្រះវិហារ ក្រចេះ កំពង់ធំ និងខេត្តស្ទឹងត្រែង។ កម្មវិធីទាំង​នេះ ថែមទាំងជួយបង្កើតឲ្យមានការងារធ្វើក្នុងផ្នែកសេដ្ឋកិច្ច ដែលជួយ​​ទ្រទ្រង់​បរិស្ថាន ដូចជា តំបន់​​​អេកូទេសចរណ៍ និង​កសិកម្មដែលមាននិរន្តភាព។

ដូចដែល​ព្រះរាជាណាចក្រពិចារណា ​រក​វិធី​ធ្វើយ៉ាង​ណា​ដើម្បី​ដោះស្រាយ​តម្រូវ​ការ​ថាម​ពល ដែលចេះ តែ​មានការកើនឡើង ប្រជាជន​កម្ពុជាក៏ត្រូវពិចារណាផងដែរ ពី​ប្រភព​ផ្សេងៗ​គ្នា នៃ​ប្រភព​​ថាម​ពល​ ដែលមាន​ផល​ប៉ះពាល់​ ទៅលើបរិស្ថាន។ នៅក្នុងពេល​ថ្មីៗ​នេះ អាជ្ញាធរបាន​ពន្យារ​គម្រោង​ផែនការ ក្នុងការ​សាងសង់ ទំនប់វារីអគ្គិសនី​នៅ​លើ​ទន្លេ​មេគង្គ ដែលវាជាការសម្រេច​ចិត្ត​​ដ៏សំខាន់​មួយ​ ដើម្បី​​ ​​​ចៀសវាងនូវគ្រោះ​ថ្នាក់បន្ថែម​ទៀតចំពោះ​ធនធានជលផលនៅក្នុង​តំបន់​មេគង្គ​​ក្រោម​ ការពារ​ដល់ សន្តិសុខស្បៀង​សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ និង សង្គ្រោះ​ធនធាន​​ដ៏កម្រ ពី​ការ​ផុត​ពូជ ដូច​ជា​សត្វផ្សោតជាដើម។

ក្តីសង្ឃឹមរបស់ខ្ញុំ គឺចង់ឃើញប្រទេស​កម្ពុជា​ នឹង​ឆ្លៀតយកឱកាសនេះ ​ ​ពិចារណាលើ​ជម្រើសផ្សេងវិញ។ សហរដ្ឋអាមេរិក គឺជា​ប្រទេស​នាំមុខគេ ក្នុងផ្នែកថាម​ពលមាន​បរិស្ថានល្អ និងតម្លៃសមរម្យ មាន​អ្នក​ជំនាញ​មក​ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រុមហ៊ុន​ថាមពល​លំដាប់​ពិភពលោក​ និង​អង្គការ​ក្រៅ​រដ្ឋា​​ភិបាល​ផ្នែកធនធាន​ធម្មជាតិដ៏គួរ​ឲ្យ​គោរព​ ដែលអាច​ជួយកម្ពុជា ឲ្យទទួលបាននូវផលប្រយោជន៍​នៃ​បច្ចេក​វិទ្យា​ថ្មីៗ ក្នុងការការពារសុខភាព និងប្រជាជន​កម្ពុជា និង​​ ទន្លេមេគង្គ។

 ឆ្នាំនេះ ប្រទេសយើង​ទាំង​ពីរ​ កំពុង​ប្រារព្ធខួបលើកទី ៧០ ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​ និង​ ​រំលឹកដល់ខែនីមួយៗ ដែល​​ផ្តោត​លើ​ប្រធាន​បទ​ពិសេស នៃកិច្ច​សហប្រ​តិបត្តិ​ការនេះ​។ ជា​ឧទាហរណ៍ ស្រប​ពេ​លដែល​ពិភព​លោក​ កំពុងប្រ​យុទ្ធនឹងមេ​រោគរាតត្បាតជាសាកលនេះ ក្នុងខែ​ឧសភា យើង​នឹង​ផ្តោតលើ​ការងារសហរដ្ឋ​អាមេរិក​ និងប្រទេស​កម្ពុជា ធ្វើការ​សម្រេច​បាននូវ​សមិទ្ធិផល​ដ៏សំខាន់​ ក្នុង​ការ​​​​ប្រយុទ្ធនឹង​ជំងឺ​ឆ្លងនានា។ ហើយ​សម្រាប់ខែ​នេះវិញ យើង​កំពុង​ធ្វើការ​ផ្តោតលើ​ប្រធាន​បទ​ ស្តីពី​បរិស្ថាន​ ជាកិច្ច​សហការ​ទ្វេភាគី ក្នុងការអភិរក្សធនធាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។ នេះ​ជាក្តីសង្ឃឹមរបស់ខ្ញុំ ដែលថា ក្នុងខួបលើកទី ៥០ ឆ្នាំ​នៃការបង្កើត ទិវាភព​ផែនដី​ និង​ជារៀងរាល់ថ្ងៃទៅមុខ​ សហរដ្ឋអាមេរិក​ និង​កម្ពុជា អាចបន្ត​នូវ​ភាព​ជាដៃ​គូ​ ក្នុងការ​អភិវឌ្ឍ​ព្រះរាជា​ណា​ចក្រ​មួយ​ដែល​មាន​និរន្តភាព ស្របពេលដែល​ធ្វើ​ការ​ការពារនូវសម្បត្តិធនធាន​ធម្មជាតិ​ដ៏​ពិសេស​​​របស់​ប្រទេស​​នេះ៕