បើតាម​គេហទំព័រ​អគ្គ​ស្នងការនដ្ឋាន​គរបាលជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ មករា ឆ្នាំ២០១៨ មន្រ្តី​កាំ​កុង​ត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បង្ក្រាប​បាន​សាច់​និង​ឆ្អឹង​មាន់​ខូច​គុណ​ភាព​ចំនួន​៧៦​ថង់ ស្មើ​៧៦០​គីឡូ ដែល​ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​តាមរទះ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២១ មករា​។

ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សៀន ស៊ីណាត បញ្ជាក់​ថា សាច់​ខូច​គុណ​ភាព​ទាំង​នេះ ត្រូវ​បំផ្លាញ​ចោល ហើយ​មន្រ្តី​ជំនាញ​កំពុង​តាម​រក​ចាប់​ខ្លួន​ជន​ល្មើស យក​មក​អនុវត្ត​តាម​ផ្លូវ​ច្បាប់​៕