សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញការឈឺចាប់បន្ទាប់ពីសហភាពអឺរ៉ុប បានយកព័ន្ធលើការនាំចូលអង្ករពីកម្ពុជា ចូលទៅសហភាពនេះ ដែលធ្វើឲ្យការនាំចេញអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុបថយចុះជាងមុនពាក់កណ្តាល។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២២ ខែសីហានេះ ក្នុងឆមាសទី ១ ក្នុងឆ្នាំ ២០១៩ នេះ កម្ពុជា នាំចេញអង្ករទៅសហភាពអឺរ៉ុប តែ ៩៣០០០ តោនតែប៉ុណ្ណា ដែលតិចជាងពាក់កណ្តាលបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៨ កន្លងទៅ។

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បង្ហាញក្តីឈឺចាប់បន្ថែមទៀត ប្រសិនបើសហភាពអឺរ៉ុប បន្តដកកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធ (EBA) បន្ថែមទៀត។ សហព័ន្ធនេះ លើកឡើងថា បើសហភាពអឺរ៉ុបដក EBA ពីកម្ពុជា នោះ ការខំប្រឹងរបស់ខ្លួនកន្លងមកនឹងក្លាយជាអសាបង់។ ស្ថាប័ននេះ បានសុំឲ្យEU អាណិតកសិករកម្ពុជា កុំដកប្រព័ន្ធអនុគ្រោះពន្ធនេះឲ្យសោះ។