រូបភាព៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា

ភ្នំពេញ៖ លោក អ៊ូ ដារ៉ា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានឲ្យដឹងថា សហព័ន្ធគុនល្បុកតោកម្ពុជា និងកងយោធពលខេមរភូមិន្ទបានសហការគ្នាជាយូរមកហើយក្នុងការបញ្រ្ជាបគុនល្បុក្កតោ ដែលក្បាច់គុននេះជាអត្តសញ្ញាណជាតិ  និងជាដួងព្រលឹងជាតិខ្មែរ ឲ្យទៅជាក្បាច់គុនកងទ័ព ជាយុទ្ធសាស្ត្រដ៏ធំរបស់ខ្លួន។ លោកថ្លែងបែបនេះ នៅក្នុងពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនអន្តរាគមពិសេសក្បាច់គុនកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ នៅ ខេត្តបន្ទាយមានជ័យ។

លោក អ៊ូ ដារ៉ា អគ្គលេខាធិការសហព័ន្ធគុនល្បុកតោកម្ពុជា

បើតាមលោក អ៊ូ ដារ៉ា សហព័ន្ធមានគោលដៅធំៗចំនួន២ ៖ ទី១. ជំរុញបន្ថែមឲ្យក្បាច់គុនមួយនេះ ទទួលបានជោគជ័យនៃការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ដោយបានស្នើសុំរួចហើយនៅអង្គការយូណេស្កូ និងកំពុងរង់ចាំការប្រកាសលទ្ធផលនាពេលខាងមុខ។ទី២. ការបញ្ជ្រាបក្បាច់គុននេះ ឲ្យក្លាយទៅជាយុទ្ធសាស្ត្រចម្បង ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមបំផុត។



សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានកំពុងខិតខំបញ្ជ្រាបការហ្វឹកហាត់ ការបណ្តុះបណ្តាលកាន់តែសម្បូរបែប ដើម្បីឲ្យសហព័ន្ធមានជម្រើសកាន់តែច្រើន ក្នុងការជ្រើសរើសអត្តពលិកប្រកបដោយសក្តានុពលដណ្តើមបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ៕