ក្រុមសហជីពមួយចំនួនបង្ហាញការព្រួយបារម្ភ ជុំវិញការផុតរលត់សុពលភាពនៃការអនុ​គ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកឬហៅថាGSP ដោយពួកគេលើកឡើងថា អាមេរិកយកលេសនៃការផុតសុពលភាពនេះ ដើម្បីពិនិត្យឡើងចំពោះការផ្ដល់ការអនុគ្រោះពន្ធលើទំនិញនាំចេញពីប្រទេសកម្ពុជា ឬការអនុគ្រោះពន្ធរបស់អាមេរិកខាងមុខនេះ អាចដាក់លក្ខខណ្ឌដូចEBAរបស់អឺរ៉ុប។ ប្រសិនបើការពិនិត្យឡើងវិញមែន នោះនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការនាំចេញទំនិញរបស់កម្ពុជាថែមទៀត។

លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃ​ទី​៦មករានេះថា នៅពេលដែលសហរដ្ឋអាមេរិកធ្វើឲ្យផុតរលត់សុពលភាពនៃកម្មវិធីអនុ​គ្រោះ​ពន្ធទូទៅGSPពីកម្ពុជាឬប្រទេសក្រីក្រជាច្រើនទៀត វាជាសញ្ញាមិនល្អនោះទេ ពីព្រោះកន្លងមក ទំនិញជាច្រើនរបស់កម្ពុជាគឺបានពឹងផ្អែកទៅលើការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិ។

លោកថា៖«យើងនាំចេញច្រើនណាស់ទៅសហរដ្ឋអាមេរិក ដូចជា ស្បែកជើង សំលៀកបំពាក់ និងកាបូបយួរដៃ។ ចំពោះកាបូបយួរដៃមានការនាំចេញពីកម្ពុជាទៅអាមេរិកមាន​ចំនួនច្រើន បើគិតជាទំហំទឹកប្រាក់ជិត១០០០លានដុល្លារ»។

លោកបន្តថា ប្រសិនបើសហរដ្ឋអាមេរិកដកកម្មវិធីអនុគ្រោះពន្ធទូទៅGSP គឺកម្ពុជាត្រូវប្រឈមការលំបាកសម្រាប់នាំចេញបន្ថែមទៀត ស្របពេលកំពុងប្រឈមការលំបាកស្រាប់ការដកអនុគ្រោះEBA២០%ពីសហភាពអឺរ៉ុប ប៉ុន្តែលោកយល់ថា កម្ពុជានៅតែមាន​ឪកាស​ក្នុងការផលិតមុខទំនិញផ្សេងទៀត ដើម្បីនាំចេញទៅអឺរ៉ុប ឬអាចរកទីផ្សារផ្សេង។

លោក អាត់ ធន់ បញ្ជាក់ថា ដោយទិដ្ឋភាពនយោបាយ និងទំនាក់ទំនងនយោបាយនៅក្នុង​ប្លុកឥណ្ឌូចិននេះ កម្ពុជាអាចនឹងត្រូវអាមេរិកពិចារណាផ្តល់កម្មវិធីអនុគ្រោះពន្ធទូ​ទៅ​របស់សហរដ្ឋអាមេរិក( US GSP)ឡើងវិញ។

លោកថា៖«ដោយសារអាមេរិកក៏យកកម្ពុជាជាទីតាំងយុទ្ធសាស្ត្រ ជាធម្មតាអាមេរិកនិង​ចិន តែងតែយកកម្ពុជាឧបករណ៍នយោបាយក្នុងការទំនាក់ទំនងសេដ្ឋកិច្ចឬក៏យោធាផ្សេងៗ។ បើបញ្ហារឿងសិទ្ធមនុស្ស សិទ្ធការងារ និងប្រជាធិបតេយ្យអាចជាបញ្ហាដែរ»។

ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានលើកឡើងដែរថា ការ​ផុតរលត់កម្មវិធីអនុគ្រោះព័ន្ធទូទៅរបស់សហរដ្ឋអាមេរិកនេះ គឺជាការផុតរលត់កិច្ចកិច្ចព្រម​ព្រៀងមួយប៉ុណ្ណោះ ហើយវាមិនមែនជាការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនោះទេ។



លោកថា៖«វានឹងអាចបន្តថ្មីឡើងវិញ ប្រសិនបើសភាអាមេរិកបានរៀបចំអនុម័តបន្តឡើងវិញ។ ប៉ុន្តែក្នុងនោះ អាចបារម្ហថាការរៀបចំផ្តល់អនុគ្រោះពន្ធឡើងវិញថ្មីនេះ ខ្លាច​សភាអាមេរិកមានលក្ខខណ្ឌដូចសហភាពអឺរ៉ុបឲ្យកម្ពុជាអនុវត្ត វាជាបញ្ហាប្រឈមសម្រាប់កម្ពុជាយើងដែរ»។

លោកបបន្តទៀតថា អំឡុងផុតរលត់នៃការអនុគ្រោះពន្ធនេះ ក៏បានធ្វើឲ្យអ្នកបញ្ជាទិញគិតពិចារណាពីការកម្ម៉ង់ឥវ៉ាន់ពីកម្ពុជាចូលទៅសហរដ្ឋអាមេរិកដែរ ដោយសារត្រូវបង់ពន្ធ។

សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំជាងគេបំផុតមួយរបស់កម្ពុជា។ កម្ពុជាបាននាំចេញក្នុងទឹកប្រាក់ចំនួនជិត ៥,៤ ពាន់លានដុល្លា ក្នុងឆ្នាំ ២០១៩។ ទំនិញក្នុងតម្លៃជិត១ពាន់​លាន​ដុល្លារ ជាទំនិញសម្រាប់ការធ្វើដំណើរដែលរួមមានការបូបដៃ វ៉ាលី និងកាបូបស្ពាយ ដែលត្រូវបានលើកលែងការបង់ពន្ធគយ នៅក្រោមប្រពន្ធអនុគ្រោះទូទៅរបស់សហ​រដ្ឋអា​មេរិក៕

ការលើកឡើងរបស់សហជីពទាំងនេះ ក្រោយសមាគមរោងចក្រកាត់ដេរកម្ពុជា( GMAC) បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៦មករានេះថា កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហ​រដ្ឋអាមេរិកបានផុតរលត់សុពលភាពតាំងពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០ ដោយសារការយឺតយ៉ាវក្នុងការអនុម័តច្បាប់ដើម្បីផ្តល់សុពលភាពដល់កម្មវិធីនេះឡើងវិញដោយសភាអាមេរិក។ 

ការយឺតយ៉ាវនេះជាបញ្ហាពាក់ព័ន្ធមួយដល់ប្រទេសចំនួន១១៩ ដែលទទួលបានកម្មវិធីនេះ ប៉ុន្តែផលប៉ះពាល់ផ្ទាល់ នឹងមានលើអ្នកបញ្ជាទិញ និងអ្នកនាំចូល ដែលនឹងតម្រូវឲ្យបង់ពន្ធនាំចូលរហូតដល់កម្មវិធីនេះត្រូវបានផ្តល់សុពលភាពឡើងវិញ។

GMACបន្តថា ចាប់ផ្តើមពីឆ្នាំ១៩៧៩ កម្មវិធីអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកGSP ត្រូវបានផ្តល់ឲ្យដំបូងរយៈពេល១០ឆ្នាំ ហើយចាប់តាំងពីពេលនោះមក កម្មវិធីនេះត្រូវបានផ្តល់សុពលភាពឲ្យអនុវត្តជាបន្តបន្ទាប់ចំនួន១៤ដង ដែលជាទូទៅការផ្តល់ទាំងនោះមានសុពលភាពរយៈពេលពី២ទៅ៣ឆ្នាំ៕