សហគ្រាសមួយឈ្មោះ ស៊ី អេស អិល បានយកស្លាកសញ្ញាហាឡាល់លើកញ្ចប់ស្បែកជ្រូកបំពងបង្កឱ្យមានប្រតិកម្មពីសាសនិកឥស្លាម ស្របពេលពួកគេមិនអាចបរិភោគសាច់ជ្រូក​ឬអា​ហារណាដែលមានការពាក់ព័ន្ធជាមួយសាច់ជ្រូក។

លោក ថន សារ៉ន ក្រុមឯកទេសផលិតផលហាឡាល់កម្ពុជាបានប្រាប់ខ្មែរណាស់នៅថ្ងៃ​ទី​១៥​កុម្ភៈថា លោកបានទទួលបានព័ត៌មាននេះហើយ និងកំពុងសហការជាមួយក្រសួងពាណិជ្ជ​កម្ម និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីស្រាវជ្រាវ និងចាត់វិធានការចំពោះករណីនេះ។

លោកថា៖« យើងចង់ស្វែងរកថាតើករណីនេះខាងណាជាអ្នកធ្វើ ព្រោះកន្លងមកធ្លាប់មាន​បងប្អូនយើងមិនយល់ពីស្លាកសញ្ញាហាឡាល់នេះ ហើយបានយកស្លាកសញ្ញានេះទៅប្រើប្រាស់​មិនត្រូវតាមលក្ខណៈច្បាប់ ដោយអ្នកខ្លះយកស្លាកសញ្ញាហាឡាល់របស់ប្រទេស​ម៉ា​ឡេស៊ី អ្នកខ្លះយករបស់ប្រទេសថៃមកប្រើប្រាស់»។



លោកបញ្ជាក់ថា មកដល់ពេលនេះ ក្រុមឯកទេសផលិតផលហាឡាល់កម្ពុជា ជាមួយនឹងក្រសួង​ពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ សហការគ្នាដើម្បីស្រាវជ្រាវអំពីការយកស្លាកសញ្ញាហាឡាល់ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតឬក៏យ៉ាងណា។ លោកបន្ថែមថា ដោយសារតែគាត់មិនយល់ពីស្លាកសញ្ញាហាឡាល់ ហើយគាត់ទាញយក​ពីអ៊ីន​ធឺ​ណិត​យកមកប្រើប្រាស់ទាំងមិនបានស្រាវជ្រាវពីវា។

សហគ្រាស ស៊ី អេស អិល មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលំភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានយកស្លាកសញ្ញាហាឡាល់ទៅដាក់ប្រើប្រាស់លើកញ្ចប់ស្បែកជ្រូកបំពង ដែលធ្វើឱ្យសាសនិកឥស្លាមមានការប្រតិកម្ម។

លោក ថន សារ៉ន បន្តទៀតថា មកដល់ពេលនេះ ខាងក្រុមឯកទេសផលិតផលហាឡាល់នៅមិនទាន់ទាក់ទងសហគ្រាសដែលយកស្លាកសញ្ញាហាឡាល់ក្លែងក្លាយទៅប្រើនោះបាននៅឡើយទេ។ ចំណែកខ្មែរណាស់ក៏បានព្យាយាមទាក់ទងទៅខាងសហគ្រាសដែរ ដើម្បីសុំការបកស្រាយពីបញ្ហានេះ ប៉ុន្តែមិនមានអ្នកឆ្លើយតបនោះទេ៕