ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយ​អភិវ​ឌ្ឍន៍​ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ​៣១០លាន​ដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ថវិការបស់រដ្ឋាភិបាលជប៉ុននេះ នឹងគ្របដណ្តប់លើការអនុវត្តគម្រោង ហិរញ្ញប្បទាន​ឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ។ ក្នុងនោះ​រួម​មាន គម្រោងការពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ ដែលមាន​ទឹកប្រាក់ប្រ​មាណ ៣១លានដុល្លារអាមេរិក , គម្រោងសមាហរណកម្មការបោសសម្អាតមីន និងស​ង្គ្រោះជនពិការដោយសារមីនដែលមានទឹកប្រាក់ចំនួន ៩លានដុល្លារ និងគម្រោង​កម្មវិ​ធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដែលមានទឹកប្រាក់ ២,៧លានដុល្លារ ។

ចំណែកឥណទានសម្បទានវិញ គឺសម្រាប់អនុវត្ត គម្រោងធ្វើឱ្យប្រសើរ នូវផ្លូវជាតិ​លេខ៥ ដំណាក់កាលទី២ ពីធ្លាម្អម-បាត់ដំបង និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត ដែល​មានទឹកប្រាក់ ប្រមាណ១៦១លានដុល្លារអាមេរិក និងគម្រោងធ្វើឱ្យ​ប្រសើរនូវ​ផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១០៦,៥ លានដុល្លារ។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាបន្ថែមទៀត។ជាពិសេស​ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ ។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕