សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី រាជធានីខេត្ត ត្រូវតែរៀបចំឲ្យមានកន្លែងសម្រាក​ពិសារអាហារ​ថ្ងៃត្រង់នៅ​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា។

យោងតាមលិខិតដែលចេញ ដោយក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានខ្លឹមសារដូចតទៅនេះ៖

១. ចំពោះ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា ដែល​កំពុង​ដំណើរការ ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​សម​ស្រប​សម្រាប់​កម្មករ​និយោជិត​ សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់។

២. ចំពោះ​ការ​ស្នើ​សុំ​សាងសង់​ថ្មី ដូចជា​អគារ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឬ​អគារ​សេវាកម្ម ដែល​មាន​មនុស្ស​ច្រើន​បម្រើ​ការងារ ត្រូវ​គូស​បញ្ជាក់​អំពី​កន្លែង​សម្រាប់​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​គំនូស​ប្លង់​ស្ថាបត្យកម្ម ស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់ សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាជាធរមាន។

តាមស្ថានភាពជាក់ស្តែង នាពេលបច្ចុប្បន្ននៅតាមសហគ្រាស និងគ្រឹះស្ថាននានា មិនទាន់មានកន្លែងបរិភោគអាហារថ្ងៃត្រង់សម្រាប់បុគ្គលិកឲ្យបានត្រឹមត្រូវនៅឡើយទេ ជាពិសេសនៅតាមរោងចក្រ។

ជាក់ស្តែងគោលបំណង នៃ​ការ​ចាត់​វិធានការ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការ​បំពេញ​ការងារ​របស់​និយោជិត ដែល​បម្រើ​ការងារ​ទាំងអស់ មាន​កន្លែង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​សមរម្យ៕