សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​បញ្ជា​ឲ្យ​អង្គភាព​គ្រឿងញៀន​ ​សិក្សា​លើ​បញ្ហា​កញ្ឆា​ ក្រោយ​ប្រទេស​មួយ​ចំនួន​លើ​សកលលោក​ បាន​ដាក់​អោយ​កញ្ឆា​ក្លាយជា​ដំណាំ​ស្រប​ច្បាប់​ ខណៈដែលកម្ពុជាចាត់ទុកជាដំណាំខុសច្បាប់។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖​ «​នៅ​សហរដ្ឋអាមេរិក​តាម​ បណ្តា​រដ្ឋ​ខ្លះ​ និង​នៅ​កា​ណា​ដា​ បាន​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​ ជក់​កញ្ឆា​ និង​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ធ្វើ​ធ្វើ​ច្បាប់​ឲ្យ​ប្រើ​ ឱសថ​ដែល​ធ្វើ​ពី​កញ្ឆា​ ប៉ុន្តែ​ គេ​កំណត់​ពី​ប្រភព​ផ្គត់ផ្គង់​កញ្ឆា​ត្រូវ​យក​ចេញពី​កន្លែង​មួយ​ដែល​រដ្ឋ​បាន​គ្រប់គ្រង​។​ សូម​ឲ្យ​ស្ថាប័ន​ជំនាញ​ ជា​ពិសេស​អា​ជា្ញ​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ចាត់តាំង​ស្រាវជ្រាវ​តើ​មូលហេតុ​អ្វី​?»

ការបញ្ជារបស់សម្តេចខាងលើ បានធ្វើឡើង នៅក្នុងពិធីបើក​សន្និបាត​ការងារ​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩​ នា​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ដំណាំ​ កញ្ឆា​ គឺជា​ដំណាំ​ខុសច្បាប់ ​និង​ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រឿងញៀន​ដែល​ត្រូវ​តែ​បង្ក្រាប​។​

​បើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ​ នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​មាន​រដ្ឋ​ចំនួន​៥០​ រដ្ឋ​ដែល​បាន​ដាក់​កញ្ឆា​ជា​ដំណាំ​ស្របច្បាប់​រួម​ មាន​រដ្ឋ​ Washington​ State,​ Oregon,​ Nevada,​ California,​ Alaska,​ Colorado,​ Michigan,​ Vermont,​ និង​រដ្ឋ​ Massachusetts​។​ ​ ក្រៅពី​សហរដ្ឋអាមេរិក​ និង​កា​ណា​ដា​ នៅ​មាន​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​អនុញ្ញាត​អោយ​ការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់​តាម​កម្រិត​កំណត់​ ដូច​ជា​ប្រទេស​អា​ហ្ស​ង់​ទី​ន​,​ អូស្ត្រាលី​,​ ឈី​លី​,​ កូ​ឡុំ​ប៊ី​,​ ក្រូ​អាត​,​ សាធារណរដ្ឋ​ឆេ​ក​,​ អា​ល្លឺ​ម៉​ង់​,​ ឥណ្ឌា​,​ អ៊ី​ស្រា​អែ​ល​,​ អ៊ី​តា​លី​,​ ចេ​ម៉ៃ​កា​,​ ម៉ា​សេ​ ដូ​នី​ញ៉ា​,​ ម៉ិចស៊ីកូ​,​ ហ្វី​លី​ពី​ន​,​ ប៉ូ​ឡូញ​,​ ពូ​អេ​រ​តូ​,​ តួ​ក​គី​,​ អ៊ូ​រ៉ា​ហ្គា​យ​ និង​ប្រទេស​មួយ​ចំនួន​ទៀត​៕