រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានបកស្រាយពីសំណុំរឿងគ្រឿងញៀនដ៏ធំនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក កាលពីថ្ងៃទី ២៣ ខែកុម្ភៈកន្លងទៅ។ សម្តេចបញ្ជាក់ថា ករណីនេះ អាជ្ញាធរ រកមិនទាន់ឃើញថា លោកឧកញ៉ា គិត ម៉េង ជាប់ពាក់ព័ន្ធនឹងករណីនេះនោះទ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនផ្លួវការ សម្តេច ស ខេង បានបញ្ជាក់នៅរសៀលថ្ងៃទី ២៧ ខែកុម្ភៈ យ៉ាងនេះថា៖«បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាលលើករណីនេះ ក៏បានកេីតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះមានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថាមានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នោះទេ»។

ជាមួយគ្នា សម្តេច ក៏អរគុណកម្លាំងសមត្ថកិច្ចដូច្នេះទៀតថា៖«ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រឹងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ»។