សម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គ្មាន​ការ​បង្កើត​ខេត្ត​ថ្មី​នោះ​ទេ ហើយសម្ដេច​បាន​បញ្ជា​ឲ្យ​បញ្ចប់​គម្រោងការ​សិក្សា​​បង្កើត​ខេត្ត​ថ្មី​បន្ថែម​ទៀត ទៅ។ ​សម្ដេច ហ៊ុន សែន អះអាងដូច្នេះ នៅក្នុងពិធី​អបអរសាទរ​ទិវាគ្រូបង្រៀន ៥ តុលា នៅវិទ្យាស្ថាន​ជាតិអប់រំ នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៨​។

គួររំលឹកថា កាលពី​ពេល​កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​ស្នើ​សម្ដេច​ ហ៊ុន សែន បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដោយទី១ ​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល និងមួយទៀត ​ពិនិត្យ​ទៅលើ​កត្ដា​ភូមិសាស្រ្ត និង​ប្រជាសាស្រ្ដ​របស់​ស្រុក​កោះញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរី។

ឆ្លើយតបទៅនឹងការស្នើនេះ សម្ដេច​នាយករដ្ឋមន្រ្តីបញ្ជាក់យ៉ាងច្បាស់​ថា «ខ្ញុំគ្មានពេល ចុះហត្ថលេខា​ទេ គណៈរដ្ឋមន្រ្តី​ចេញ​ ស.ជ.ណ មួយបញ្ចប់តែម្ដងទៅ។ យកសេចក្ ដីប្រកាសនាយករដ្ឋមន្រ្តីចេញ ស.ជ.ណ បញ្ចប់ការសិក្សាបង្កើតខេត្តទៀតទៅ។ ខ្ញុំរវល់ណាស់ អាក្រុមខិលខូច មួយចំនួនដែលចាប់ផ្ដើមផ្គូរផ្គងហើយយកលុយគ្នា… ហើយតាមទារលុយយកមកវិញ។ ហើយកុំបាច់យកហេតុផល ថាបញ្ជូន សេវាទៅកៀកប្រជាជនទេ បញ្ហាត្រង់ថាយើងធ្វើឬមិនធ្វើទេ?»