សម្ដេច ហ៊ុន សែន បានប្រកាសទៅដល់អាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ថា ត្រូវអនុ​ញ្ញាត​និងសម្រួលឱ្យពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនបានរៀបចំអាពាហ៍ពិពាហ៍ឡើងវិញ ដោយសារពេលនេះ គឺជារដូវកាលនៃការរៀបអាពាហ៍ពិពាហ៍។

សម្ដេចថា៖«ខ្ញុំសុំស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានីខេត្ត ស្រុក ឃុំសង្កាត់ គឺអនុ​ញ្ញាតឱ្យបងប្អូនរៀបការទៅ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើង  ចាប់ពីខែនេះរហូតដល់ពេល​ចូលវស្សា ជាពិសេសគឺរដូវរំហើយនេះ គឺមានរៀបចំអាពាហ៍ពិពាហ៍។ ដូច្នេះ! សុំសម្រួល​ឱ្យមានការរៀបពិពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការអនាម័យ ដែលជាការណែនាំរបស់ក្រសួងសុខាភិបាល»។

ប្រសាសន៍របស់នាយករដ្ឋមន្រ្តីនេះគឺធ្វើឡើងនៅក្នុងសារសំឡេងមួយដែលចេញកាលពីថ្ងៃ​ទី​១៨វិច្ឆិកា ស្របពេលព្រឹត្តការណ៍៣វិច្ឆិកានៅភ្នំពេញនិងខេត្តកណ្ដាលត្រូវបានបញ្ចប់។ សម្ដេច​បញ្ជាក់ទៀតថា ចំពោះសាលារៀននៅភ្នំពេញនឹងបើកដំណើរការធម្មតាវិញថ្ងៃ​ទី​២៣​វិច្ឆិកាខាងមុខនេះ ហើយសម្ដេចក៏បានអនុញ្ញាតឱ្យបើកស្ដាតអូឡាំពិក សារមន្ទីរ និងរោងភាពយន្តដែរ។



សម្ដេចថា៖«ដើម្បីកុំឱ្យមានការរឹតត្បិតហួស រហូតនាំទៅដល់ការលំបាកប្រជាជន ការគោរពបូជាខាងសាសនា យើងបើកទាំងព្រះពុទ្ធ ទាំងអ៊ីស្លាម និងទាំងគ្រឹស្ដ ដើម្បីថ្វាយ​បង្គំនិងបុណ្យទានធម្មតា ដោយគ្រាន់តែរក្សាគន្លាតសុវត្ថិ ហើយការរៀបពិពាហ៍ពិពាហ៍ក៏ត្រូវធ្វើ ដើម្បីកុំឱ្យមានការលំបាកដោយសារតែបញ្ហាកូវីដនេះ។ ប្រយ័ត្នគឺនៅតែប្រយ័ត្ន ប៉ុន្តែ​យើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរ។

កាលពីមុនយើងធ្លាប់អង្គុយជាប់គ្នា​ ប៉ុន្តែឥឡូវមិនអាចអង្គុយជាប់គ្នាទេ គឺអង្គុយឃ្លាតពីគ្នា ពីមុនមិនធ្លាប់ពាក់ម៉ាស ប៉ុន្តែឥឡូវនេះគឺត្រូវតែពាក់ម៉ាស»។

ការអនុញ្ញាតទាំងនេះ គឺបានធ្វើឡើង បន្ទាប់នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី និងពាក់ព័ន្ធនឹងព្រឹត្ត​ការណ៍៣វិច្ឆិកានៅភ្នំពេញនិងខេត្តកណ្ដាល គឺបានបញ្ចប់ការធ្វើចត្តាឡីស័កក្រោយពីបានធ្វើតេស្ដអវិជ្ជមានជាលើកទី៤ដែលជាលើកចុងក្រោយកាលពីថ្ងៃម្សិលមិញ៕