នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានស្នើទៅអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជាលោកស្រី Devyani Uttamkhobragade ដើម្បីឱ្យឥណ្ឌាជួយផ្ដល់វ៉ាក់សាំងកូវីដ១៩ដល់កម្ពុជា ខណៈ​ប្រទេសឥណ្ឌារំពឹងថា វ៉ាក់សាំងដែលឥណ្ឌាផលិតឡើងដោយខ្លួនឯង នឹងប្រើប្រាស់ចាក់ទៅឱ្យពលរដ្ឋនៅដើមខែកុម្ភក្រោយនេះ។

ការស្នើសុំជំនួយនេះបានធ្វើឡើងនៅជំនួបរវាងសម្ដេច ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី Devyani Uttamkhobragade បន្ទាប់ទីត្រូវបានតែងតាំងជាអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា។

ទំព័រហ្វេសប៊ុកនាយករដ្ឋសរសេរថា៖« សម្តេចបានស្នើតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ»។

កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២០ ឥណ្ឌបានអះអាងថា វ៉ាក់សាំងកូវីដ១៩ដែលខ្លួនផលិតឡើង នឹងអាចអនុម័តចាក់ទៅឱ្យពលរដ្ឋនៅដើមខែកុម្ភៈឆ្នាំនេះ បន្ទាប់ពីការសាកល្បងដំណាក់កាលចុងក្រោយនិងការសិក្សាបានបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាពនិងប្រសិទ្ធភាព។



វ៉ាក់សាំងឥណ្ឌាឈ្មោះ COVAXIN ដែលផលិតឡើងដោយក្រុមហ៊ុន Bharat Biotech ជាក្រុមហ៊ុនឯកជនមួយសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្រ្តដែលជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា គឺជាវ៉ាក់សាំងឥណ្ឌាតែមួយគត់ដែលអាចប្រើប្រាស់នៅពេលខាងមុខនេះ។

កាលពីល្ងាចថ្ងៃទី១៦មករានេះ សម្ដេច ហ៊ុន សែន បានអះអាងថា កម្ពុជាទទួលបានវ៉ាក់សាំងពីចិនចំនួន១លានដូស ខណៈលោកបានបញ្ជាក់ថា ដើម្បីភាពចាំបាច់ក្នុងការការ​ពារជាតិនិងប្រជាជន គឺកម្ពុជាមិនអាចរង់ចាំរហូតទាល់មានតែវ៉ាក់សាំងដែលត្រូវទទួលស្គាល់ និងផ្ដល់ដោយអង្គការសុខភាពពិភពលោកទៀតទេ។

ស្របពេលវ៉ាក់សាំងចិន១លានដូសនេះ អាចចាក់បានចំនួន៥០ម៉ឺននាក់ សម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការចាក់វ៉ាក់សាំងឱ្យពលរដ្ឋចាប់ពី១០ទៅ១៣លាននាក់ ដើម្បីបំពេញតាមតម្រូវការចាក់វ៉ាក់សាំងឱ្យបាន៨០ភាគរយនៃពលរដ្ឋសរុប៕