សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចដកតំណែងរបស់លោក យន្ត មីន ជាអភិបាលខេត្តព្រះសីហនុ និងបានផ្លាស់ប្ដូរលោក គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម​ មកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុជំនួសវិញ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចចុះផ្សាយនៅរសៀលថ្ងៃទី២៤ មីនា។

បើតាមសម្ដេច ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីលោក យន្ត មីន បានទទួលស្គាល់កំហុសនិងបានស្នើសុំឱ្យសម្ដេចដកតំណែងរបស់លោក នៅពេលសម្ដេច បានចុះទៅពិនិត្យផ្ទាល់ប្រតិបត្តិការរុករកជនរងគ្រោះក្នុងហេតុការណ៍រំលំអាគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃម្សិលមិញ។

ជាមួយគ្នានេះ លោក ញឹម វណ្ណដា ក៏ត្រូវបានដកតំណែងផងដែរ ដោយសារសម្ដេចបញ្ជាក់ថា ព្រោះលោកមិនបានទទួលខុសត្រូវនិងនិយាយភូតភរ៕