ភ្នំពេញ៖ សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា នឹងរៀបចំ​កម្មវិធី​ប្រណាំង​ស៊ីក្លូ​ក្រោម​ប្រធានបទ “​អភិរក្ស​ស៊ីក្លូ​ដើម្បី​ទេសចរណ៍​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​ ២២២៣​ខែ មិថុនា ​ឆ្នាំ​២០១៩​ខាងមុខ​។​

ដើម្បី​លើកកម្ពស់​​មុខរបរអ្នក​ធាក់​ស៊ីក្លូ និងជាការ​រួមចំណែក​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ក្នុងស្រុក និង​អន្តរជាតិ សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានបង្កើតកម្មវិធីប្រណាំងស៊ីក្លូនេះឡើង។

លោក ប៉ាង អ៊ាម ប្រកបអាជីពធាក់ស៊ីក្លូនេះតាំងពីឆ្នាំ ១៩៨១មក បានបង្ហាញ​អារម្មណ៍​សប្បាយ ដែលសមាគមបង្កើតកម្មវិធីនេះឡើង។ ដោយសំអាងលើសមត្ថភាព និងកាយ​​សម្បទារឹងមាំ លោក ប៉ាង អ៊ាម សង្ឃឹមយកឈ្នះការប្រណាំងខាងមុខនេះ ៩០%។

បើតាមលោក អ៊ឹម សម្បត្តិ សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ បានអោយដឹង​ថាកម្មវិធី​ប្រណាំង​ស៊ីក្លូនេះ អាចនឹងធ្វើឡើង​នៅត្រើយខាងកើតជិតសណ្ឋាគារសុខា ដោយមានរយៈចំងាយពី ៩០០ម៉ែត្រ ទៅ ១០០០ម៉ែត្រ។ បេក្ខជន​ប្រកួត​ត្រូវបាន​ជ្រើសរើស​តែ​អ្នក​ដែលមាន​សុខភាព​ល្អ ដោយ​មិនមាន​ជំងឺ ឬ​មាន​វ័យចាស់​ពេក​។ សម្រាប់​ការប្រណាំង​នេះ មាន​ស៊ីក្លូ​ចូលរួម​ចំនួន​៦៧គូ​។ ចំណែកប្រាក់រង្វាន់​ដែលទទួល​បានសម្រាប់អ្នកឈ្នះលោក អ៊ឹម សម្បត្តិ បានប្រាប់អោយដឹងថា« អ្នកជាប់លេខ ១ នឹងទទួលបានប្រាក់ ១០០ដុល្លារ លេខ ៨០ដុល្លារ និងលេខ ៣ ចំនួន ៦០ដុល្លារ។ ចំណែកអ្នកដែលមិនបានជាប់លេខ នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ១០ម៉ឺនរៀលផងដែរ»។


 លោក អ៊ឹម សម្បត្តិ បានលើកឡើងទៀតថា ​កម្ពុជា​ធ្លាប់មាន​កម្មវិធី​ប្រកួតប្រណាំង​ស៊ីក្លូ​ម្ដង​នៅ​ឆ្នាំ​១៩៩៥ ​។ ចំណែកនៅឆ្នាំ​២០១៩​នេះ គឺជាការ​ប្រកួតប្រណាំង​ស៊ីក្លូ​លើក​ទី​២​។ លោកបន្ថែមថា កម្មវិធីនេះ ក៏ជាការរួមចំណែកផ្តល់​គុណតម្លៃដល់ជីវិតអ្នកប្រកបអាជីព​ធាក់ស៊ីក្លូ និងបញ្ជាក់ថា នៅតែមានអ្នកគាំទ្រពួកគាត់ជានិច្ច៕

អត្ថបទ៖ ខ្មែរណាស់