សមាគម អៃ រាវត្តា អភិរក្សសត្វដំរី ខ្មែរនៅខេត្តរតនគិរីបានស្នើសុំឱ្យរដ្ឋមន្រ្ដីក្រសួងព័ត៌​មានជួយគាំទ្រសកម្មភាពក្នុងការថែរក្សា ការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា ដើម្បី​​កុំឱ្យបាត់​បង់​សត្វដំរី ហើយសមាគមបន្ដចូលរួមបង្កាត់ពូជដំរីឱ្យកាន់តែ​ច្រើនបន្ថែម​ទៀត។ ការស្នើបែបនេះ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃសៅរ៍។

លោកស្រី ក្លេ ខៃ ចិន្តា ប្រធានសមាគម អៃ រាវត្តា អភិរក្សសត្វដំរីខ្មែរនៅខេត្តរតនគិរី  បាន​ស្នើសុំឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងព័ត៌មាន អញ្ជើញធ្វើជាអធិបតី ក្នុងពិធីទិវា​ដាំដើម​ឈើ ក្នុងជុំរំ​អភិរក្ស​ដំរី នៅភូមិ កាទៀង ឃុំ ល្បាំងពីរ ស្រុក លំផាត់ ខេត្តរតនគិរីកន្លងទៅ ក្នុងគោលបំណងការពារបរិស្ថាន ផ្តល់ជម្រកដល់សត្វដំរី  បង្កើត​ទេសចរណ៍បៃតង នៅភូមិ​​ភាគឦសាន ខេត្តរតនគិរី ហើយដើមឈើដែលត្រូវដាំជាប្រភេទឈើកម្រ និង​មាន​តម្លៃជាង ១០ ប្រភេទ។

បើតាមការ​បញ្ជាក់របស់សមាគមបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន នៅសល់សត្វដំរី តែចំនួនប្រមាណ៦៩ ក្បាល​ប៉ុណ្ណោះ ហើយសម្រាប់​សមាគម អៃរាវត្តា បានធ្វើការអភិរក្សចិញ្ចឹមសត្វដំរី នៅខេត្តរតនគិរី ចំនួនតែ ៤ ក្បាល ប៉ុណ្ណោះ ឈ្មោល ៣ និងញី ១ក្បាល។

 ជាការឆ្លើយតបលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបញ្ជាក់ថា នឹង​អញ្ជើញ​​ទៅចូលរួមក្នុងទិវាដាំដើមឈើ ក្នុងជំរុំ អភិរក្សសត្វដំរី នៃខេត្ត រតនគិរីនាពេល​ខាងមុខ៕